ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ​និងប្រើប្រាស់នូវសារធាតុញៀន

ចែករំលែក៖

​ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកឧដ្ដុង្គឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

 ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្លូវ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១​ស្ថិតត្រង់ចំណុចព្រៃឬស្សី ខាងជើងភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដ្ដុង្គ ខេត្តកំពង់ស្ពឺ។

 សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថានៅថ្ងៃកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍ថាតែងតែមានមុខសញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនចេញចូលធ្វើសកម្មភាពនៅទីនោះរៀងរាល់ថ្ងៃ ក្រោយទទួលព័ត៌មានកំលាំងអធិការដ្ឋាននគរបាលស្រុកឧដ្ដុង្គ បានចុះទៅដល់ទីតាំងខាងលើ ជាក់ស្ដែងបានឃាត់មុខសញ្ញាសង្ស័យខាងលើឈ្មោះ មាស ថន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិរំចេក៤ ឃុំរតនៈ  ស្រុកបាត់ដំបង ខេត្តបាត់ដំបង ហើយបានធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួន៣កញ្ចប់(២ធំ ១តូច) និង ទូរស័ព្ទដៃចំនួន០២គ្រឿង។​ 

 បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញផ្នែកគ្រឿងញៀននៃអធិការរដ្ឋានស្រុកឧដ្ដុង្គកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី​ ៕

ដោយ៖ ស សម


ចែករំលែក៖