ព័ត៌មានទាន់ហេតុការណ៍៖

Liverpool បានត្រឹមស្មើ Chelsea ក្នុងទឹកដី ខណៈមេឃខៀវ Man City បំបាក់កាំភ្លើងធំ Arsenal រហូតដល់៥ទល់០

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool បានត្រឹមស្មើគ្នា១ទល់១ជាមួយក្រុមភ្ញៀវតោខៀវ Chelsea ក្នុងការប្រកួតសប្តាហ៍ទី៣នៃក្របខ័ណ្ឌ Premier League កាលពីយប់ថ្ងៃទី២៨ឈានចូលថ្ងៃទី២៩ សីហានេះ។ ចំណែកក្រុមមេឃខៀវ Man City ធ្វើបានល្អ ដោយបំបាក់ក្រុមភ្ញៀវកាំភ្លើងធំ Arsenal មិនឲ្យតដៃរួចក្នុងលទ្ធផល ៥ទល់០។

ក្រុមហង្សក្រុម Liverpool បានបង្ហាញទម្រង់លេខគួរឲ្យចាប់អារម្មណ៍ ស្របពេលដែលការប្រកួតជាមួយក្រុមតោខៀវ Chelsea បានគ្រប់គ្រងបាល់ច្រើនជាងរហូតដល់៦៦ភាគរយឯណោះ ហើយការស៊ុតចំគោលដៅមានរហូតដល់៧ដង ខណៈដែលក្រុម Chelsea មានតែ៣ដងប៉ុណ្ណោះ។ ប៉ុន្តែអ្វីៗនៅតែមិនអាចទៅរួច ដោយក្រុមតោខៀវ Chelsea ព្យាយាមទប់ និងសម្រុកទៅវិញទៅមករហូតដល់នាទីទី២២ ខ្សែបម្រើប្រយុទ្ធ Havertzរបស់ក្រុមតោខៀវ Chelsea រកបាន១គ្រាប់នាំមុខក្រុមម្ចាស់ផ្ទះ។

កៀកនឹងចប់ការប្រកួតក្នុងតង់ទី១ទៅហើយ កីឡាករ James របស់ក្រុមតោខៀវ ធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ត្រូវអាជ្ញាកណ្តាលកាត់សេចក្តីផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួតភ្លាមៗនៅនាទីទី៤៥+៣ ហើយក៏បានផ្តល់បាល់កាត់សេចក្តីឲ្យទៅក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool។ នៅនាទីទី៤៥+៥ ខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah ជាអ្នករ៉ាប់រងបាល់ពិន័យ១១ម៉ែត្រ បានស៊ុតបញ្ចូលទីគូប្រកួតបានសម្រេចធ្វើឲ្យលទ្ធផលស្មើគ្នា១ទល់១។

ចប់ការប្រកួតក្រុមទាំង២នៅតែមិនអាចធ្វើអ្វីគ្នាបាន បើទោះបីក្រុម Chelsea នៅសល់គ្នាតែ១០នាក់ក៏ដោយ ហើយលទ្ធផល១ទល់១នេះបានបន្តរហូតដល់ចប់តង់ទី២។ លទ្ធផលនេះធ្វើឲ្យក្រុមទាំង២បានម្នាក់១ពិន្ទុ ដោយក្រុម Liverpool បន្តឈរលេខ៣ ខណៈដែល Chelsea បន្តឈរលេខ២បណ្តោះអាសន្ននៅតារាងលីគកំពូលអង់គ្លេសមានម្នាក់៧ពិន្ទុដូចគ្នា។

ចំណែកក្រុមមេឃខៀវ Manchester City បានបង្កើតកំណត់ត្រាឈ្នះឡើងវិញ បន្ទាប់ពីកាលពីបើករដូវកាលសប្ដាហ៍ទី១បានចាញ់ក្រុម Tottanham ១ទល់០។ ការប្រកួតក្នុងនាមជាម្ចាស់ផ្ទះ ក្រុម Man City ធ្វើបានល្អដោយរកបានរហូតដល់៥គ្រាប់ទៅលើក្រុមកាំភ្លើងធំ Arsenal ដែល១គ្រាប់ដំបូងគេរកបានដោយកីឡាករ Gündoğan នៅនាទីទី៧ ហើយ៥នាទីក្រោយមកកីឡាករ Ferran Torres រកបាន១គ្រាប់បន្ថែមទៀតនៅនាទីទី១២។ នៅនាទីទី៣៥ កីឡាករ Xhaka របស់ក្រុមកាំភ្លើងធំ Arsenal បានស្លាយឈូសបាល់ត្រូវជើងកីឡាករក្រុម Man City ធ្វើឲ្យអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត ដែលជាហេតុធ្វើឲ្យក្រុមកាំភ្លើងធំសល់គ្នាតែ១០នាក់ ជាឱកាសធ្វើឲ្យក្រុមមេឃខៀវ សម្រុកកាន់តែខ្លាំង។

នៅនាទីទី៤៣មុនចប់ការប្រកួតក្នុងតង់ទី១ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Gabriel Jesus រកបាន១គ្រាប់បន្ថែមទៀតធ្វើឲ្យលទ្ធផលក្នុងតង់ទី១ ក្រុមមេឃខៀវ Man City នាំមុខក្រុមកាំភ្លើងធំ Arsenal ៣ទល់០។ ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះមេឃខៀវនៅតែព្យាយាមសម្រុកបន្តទៀត ដែលធ្វើឲ្យក្រុមនេះមានឱកាសរកបាន២គ្រាប់បន្ថែមទៀតគឺនៅនាទីទី៥៣ ដោយកីឡាករ Rodri នៅនាទីទី៨៤ ដោយកីឡាករ Ferran Torres

ចប់ការប្រកួតក្រុមមេឃខៀវ Man City  យកឈ្នះក្រុមភ្ញៀវ Arsenal ៥ទល់០។ លទ្ធផលនេះធ្វើឲ្យមេឃខៀវទទួលបានជោគជ័យយ៉ាងធំធេង ដោយទទួលបាន៣ពិន្ទុបន្ថែមក្នុង៣ប្រកួត ហើយបានហក់ឡើងមកឈរចំណាត់ថ្នាក់លេខ៥បណ្តោះអាសន្ន ខណៈដែលក្រុមកាំភ្លើងធំ Arsenal កាន់តែយ៉ាប់យឺន ក្នុង៣ប្រកួតនៃការប្រកួតលីគកំពូលអង់គ្លេសដើមរដូវកាលនេះធ្វើមិនបានល្អចាញ់ទាំង៣ប្រកួតបានធ្លាក់មកឈរចំណាត់ថ្នាក់បាតតារាងលេខ១៨ មិនទាន់បាន១ពិន្ទុនៅឡើយទេ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖