ភ្នំពេញ, នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា, ដូចខ្ញុំបានជម្រាបជូនសាធារណៈជន និងបងប្អូនកសិករ បានជ្រាបពីដំណើរវិវត្តន៍ និងវិធានការនៃការទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី នៅកម្ពុជា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ រួមទាំងបានជម្រាបជូនពីបទពិសោធនិងវិធីសាស្ត្រព្យាបាលផងដែរ ។ ទន្ទឹមនឹងការខិតខំប្រឹងប្រែងក្នុងការតាមពិនិត្យនិងព្យាបាលសត្វគោដែលបានឆ្លងជម្ងឺដុំពកនៅលើស្បែកកន្លងមក ក្រសួងក៏បានខិតខំប្រឹងប្រែងស្វះស្វែងរកបញ្ជាទិញវ៉ាក់សាំងការពារជំងឺដុំពកស្បែកគោក្របី ក៏បានដំណើរការព្រមគ្នាផងដែរ ។ ប៉ុន្តែអ្វីដែលក្រសួងមិននឹកស្មានដល់នោះ ការរីរាលដាលនៃជំងឺឆ្លងនេះបានរាលដាលយ៉ាងលឿនពីបណ្តាខេត្តជាប់ព្រំដែនថៃ មកតំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា ជាពិសេសនៅខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តព្រៃវែង ដែលមកទល់ពេលនេះ ជំងឺឆ្លងនេះបានធ្វើឲ្យប៉ះពាល់និងធ្វើឲ្យសត្វគោឈឺចំនួនជាង ៣០ ០០០ ក្បាលហើយ ជាពិសេសបានឆ្លងទៅលើកូនគោ ដែលបានធ្វើឲ្យសត្វគោបានងាប់មួយចំនួន និងដែលធ្វើក្រសួងមានការព្រួយបារម្ភជាខ្លាំង ។
លោករដ្ឋមន្ត្រីបានលើកឡើងថា, ប៉ុន្តែអ្វីដែលយើងទទួលបានដំណឹងល្អនាចុងសប្តាហ៍នេះ គឺក្រោយពីដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជាសេនាធិការនោះ ដោយមានការគាំទ្រថវិកាពីសប្បុរសជនផងនោះ យើងទទួលបានវ៉ាក់សាំងចំនួន ពីរម៉ឺន ដុស នៅក្នុងដៃរួចហើយ ដែលបានបង្កលក្ខណៈគ្រាប់គ្រាន់សម្រាប់ក្រសួងមានលទ្ធភាពចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងទប់ស្កាត់ជំងឺដុំពកស្បែកគោក្របី ដែលបានចេញប្រតិបត្តិការកាលពីថ្ងៃម្សិលមិញ ទី២៨ ខែសីហា ឆ្នាំ២០២១ នេះ នៅខេត្តត្បូងឃ្មុំ ។ ដោយឡែកថ្ងៃនេះយើងបាននិងកំពុងបន្តចាក់វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោនៅក្នុងខេត្តកំពង់ចាមទៀត ។
ក្រសួងមានក្តីសង្ឃឹមថា វ៉ាក់សាំងការពារជំងឺដុំពកស្បែកគោចំនួន ៤០ ០០០ ដុស បន្ថែមទៀត នឹងមកដល់កម្ពុជា នៅសប្តាហ៍បន្ទាប់ ។
សូមបញ្ជាក់ថា៖ កន្លងមកក្រសួងក៏បានដាក់ចេញនូវវិធានការមួយចំនួនចំពោះមុខផងដែលក្នុងនេះរួមមាន៖
បានចេញសារាចរណែនាំលេខ ១៨០កសកចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ស្តីអំពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែកគោក្របី។
អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វបានធ្វើការប្រជុំជាមួយការិយាល័យផលិតកម្មនិងបសុព្យាបាល២៥ខេត្តក្រុង ដោយធ្វើបទបង្ហាញអំពីជំងឺ ការទប់ស្កាត់ និងការឆ្លើយតបទាន់ពេលវេលានៃជំងឺ និងបានពិភាក្សាអំពីការបង្កើតក្រុមការងារទប់ស្កាត់នៃជំងឺនេះនៅតាមបណ្តាខេត្តនានាដោយមានអន្តរាគមន៍ពីថ្នាកកណ្តាលគឺនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈ។
បង្កើតក្រុមតេឡេក្រាមរាយការណ៍ជាប្រចាំថ្ងៃអំពីស្ថានភាពជំងឺដុំពកស្បែកចំពោះខេត្តដែលបានផ្ទុះជំងឺ អំពីករណីផ្ទុះ ការទប់ស្កាត់ និងបំពេញព័ត៌មានតាមតារាងជាប្រចាំ។
រៀបចំជាខិតបណ្ណផ្សព្វផ្សាយ (សម្រាប់កសិករនិងបសុពេទ្យ) ចំនួន២០០០០សន្លឹកអំពីជំងឺដុំពកស្បែកលើគោក្របី ចែកជូនការិយាល័ផលិតកម្មនិងបសុព្យាបាល។
រៀបចំឯកសារបច្ចេកទេសបង្ហាញអំពីជំងឺ និងអត្ថបទបច្ចេកទេសខ្លីអំពីជំងឺ ការការពារ និងការព្យាបាលជូនតាមប្រព័ន្ធអេឡិចត្រូនិច និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
ចុះអន្តរាគមន៍អនុវត្តវិធានទប់ស្កាត់ការឆ្លងរាលដាលដោយសហការជាមួយការិយាល័យ ផលិតកម្ម និងបសុព្យាបាលខេត្តនិងអ្នកពាក់ព័ន្ធ។
ចែកសម្ភារៈនិងថ្នាំព្យាបាលមួយចំនួនជូនបណ្តាខេត្តនានាមានថ្នាំផ្សះ ថ្នាំបញ្ចុះកំដៅ ថ្នាំប្រឆាំងនឹងការរលាក ថ្នាំវីតាមីន ម៉ាស៊ីនបាញ់ថ្នាំ PPE ស៊ីរ៉ាំង ម្ជុល ស្រោមដៃ ស្បែកជើងកវែង វ៉ែនតា ម៉ាស អាល់កុល និង ថ្នាំសម្លាប់មេរោគ។
ពង្រឹងការតាមដាននិងត្រួតពិនិត្យការធ្វើចរាចរគោក្របីនៅតាមបណ្តាខេត្ត។
រៀបចំវីដេអូស្ពតអំពីជំងឺក្នុងគោលបំណងផ្សព្វផ្សាយ ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា, ក្នុងករណីសាធារណៈជនចង់ទទួលបានព័ត៌មានបន្ថែមសូមធ្វើទំនាក់ទំនងលោក នូ វនិកា 012 483 578 ប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសារធារណៈបសុព្យាបាល ៕
ដោយ ៖ សិលា