ខេត្តកំពត៖ មានករណីហិង្សាដោយចេតនាលើអនីតិជន (ឪពុកវាយកូនចុង) ស្ថិតនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ បណ្តាលឲ្យរងរបួស ហើយជនដៃដល់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២១ នេះ ។
នេះបើតាមយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយឲ្យដឹង។
សមត្ថកិច្ចនគរបាលស្រុកកំពង់ត្រាចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ឃ. ស.ហ ភេទប្រុស អាយុ៨ឆ្នាំ រងរបួសខ្នង និងភ្លៅទាំងសងខាង ផ្ទៃមុខខាងស្តាំ១កន្លែង ។ ចំណែកជនដៃដល់ឈ្មោះ ខាន់ ខា ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិអូរច្រនៀង ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
តាមសាក្សីបានឲ្យដឹងថា នៅមុនកើតហេតុ ជនដៃដល់បានត្រឡប់មកពីធ្វើការរោងចក្រពូចិន ហើយបានឃើញជនរងគ្រោះជាកូនប្រពន្ធចុងយករបស់របរខ្លួនលេង និងហូបបាយ មិនទុកម្ហូបឲ្យខ្លួនហូប ក៏កើតក្តីខឹងយកខ្សែភ្លើងរុំជាចង្វាយច្រើនជុំវាយទៅលើជនរងគ្រោះជាំខ្នងតែម្តង ។ ពេលឃើញដូច្នេះ អ្នកជិតខាងក៏រាយការណ៍ប្រាប់សមត្ថកិច្ច ហើយសមត្ថកិច្ចបានចុះអន្តរាគមន៍ ឃាត់ខ្លួនជនដៃដល់យកទៅចាត់ការតាមច្បាប់តែម្តង ៕
ដោយ ៖ ប្រាថ្នា