ព័ត៌មានទាន់ហេតុការណ៍៖

រូបភាពទាហានចុងក្រោយបង្អស់របស់អាមេរិកកំពុងចាកចេញពីអាហ្វហ្គានីស្ថាន

ចែករំលែក៖

ទាហានអាមេរិកបានបង្ហាញរូបភាពចុងក្រោយបង្អស់នៃកម្លាំងទាហានអាមេរិកឡើងយន្តហោះចាកចេញពីអាហ្វហ្គានីស្ថាននៅយប់ថ្ងៃទី៣០ ខែសីហា។ មន្ទីរបញ្ចកោណអាមេរិកបានប្រកាសថា ទាហានចុងក្រោយបង្អស់របស់អាមេរិកចាកចេញពីទីក្រុងកាប៊ុលមុនការគ្រោងទុកដល់ទៅ២៤ម៉ោង។
សារព័ត៌មាន Daily Mail របស់អង់គ្លេសបានផ្សាយថា កម្លាំងទាហានម្នាក់ចុងក្រោយគេបង្អស់ក្នុងចំណោមទាហាន១៨នាក់របស់អាមេរិកបានឡើងយន្តហោះចាកចេញពីទីក្រុងកាប៊ុល។

តាមការប្រកាសរបស់កម្លាំងទាហានអាមេរិកនៅលើបណ្តាញសង្គមTwitter បង្ហាញឲ្យឃើញថា មេទ័ពផ្កាយពីរ លោក Chris Donahue មេបញ្ជាការកម្លាំងទាហានអាកាសលេខ៨២ របស់អាមេរិកបានធ្វើដំណើរឡើងយន្តហោះក្រោយគេបង្អស់ចាកចេញពីអាហ្វហ្គានីស្ថាន។
ឧត្តមសេនីយ៍ Frank McKenzie ប្រធានទីបញ្ជាការអាមេរិកមានប្រសាសន៍ពីទីក្រុងវ៉ាស៊ីនតោនថា អាមេរិកបានបញ្ចប់ ការចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅវេលាម៉ោង១៥ និង២៩នាទី ថ្ងៃទី៣០ខែសីហា (ត្រូវនឹងម៉ោង២និង២៩នាទីព្រឹកថ្ងៃទី៣១ខែសីហាពេលវេលានៅកម្ពុជា)។
តាមបណ្តាញព័ត៌មានCNN បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក John Kirby ដែលបានបញ្ជាក់ថា គិតពីខែកក្កដាដល់ថ្ងៃទី ៣០ខែសីហា មានមនុស្សសរុប ១២២ពាន់នាក់បានចាកចេញពីអាហ្វហ្គានីស្ថានតាមអាកាសយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល៕ដោយ៖ធីរីណា

រូបភាព៖Daily Mail

រូបភាព៖CENTCOM


ចែករំលែក៖