ភ្នំពេញ៖ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតសង្កាត់ចំនួន០២បន្ថែមទៀត ក្នុងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមអនុក្រឹត្យរាជរដ្ឋាភិបាលដែលអង្គភាព”កាសែតនគរវត្ត”ទទួលបាននៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ។
សម្រេច:
មាត្រា ១.ត្រូវបានបង្កើត សង្កាត់អូរជ្រៅនៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយកាត់យកភូមិចំនួន០៧ ពីសង្កាត់ប៉ោយប៉ែត គឺភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិ ព្រៃព្រិច និងភូមិប៉ោយប៉ែត។
មាត្រា២.សង្កាត់អូរជ្រៅ មានភូមិចំនួន០៧ គឺភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត។
ព្រំប្រទល់រដ្ឋបាលនៃសង្កាត់អូរជ្រៅ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
មាត្រា ៣. ទីតាំងសាលាសង្កាត់អូរជ្រៅ ស្ថិតនៅក្នុងភូមិព្រៃព្រិច។
មាត្រា ៤.ការបង្កើតសង្កាត់អូរជ្រៅ ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាអាណត្តិទី៥ ស្របតាមខ្លឹមសារមាត្រា ១៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។ ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ត្រូវបន្តគ្រប់គ្រងភូមិចំនួន០៧ គឺភូមិអូរជ្រៅ ភូមិក្បាលកោះ ភូមិក្បាល ស្ពាន១ ភូមិក្បាលស្ពាន២ ភូមិសាមគ្គីមានជ័យ ភូមិព្រៃព្រិច និងភូមិប៉ោយប៉ែត រហូតដល់មានក្រុមប្រឹក្សាសង្កាត់អូរជ្រៅ មកជំនួស។
មាត្រា៥.បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។
មាត្រា៦.រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ គណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រុមប្រឹក្សាក្រុងប៉ោយប៉ែត គណៈអភិបាលក្រុងប៉ោយប៉ែត ក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត និងក្រុមប្រឹក្សាសង្កាត់អូរជ្រៅ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ៖ ស សម