ខេត្តសៀមរាប៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា បច្ចុប្បន្នប្រាសាទភិមានអាកាសដែលស្ថិតនៅក្នុងបរិវេណអតីតព្រះរាជវាំងក្រុងអង្គរធំ កំពុងមានសភាព ទ្រុឌទ្រោមប្រឈមហានិភ័យខ្ពស់ដោយសារកត្តាអាយុកាល និងធម្មជាតិ។ ដោយសង្កេតឃើញពីបញ្ហាចំពោះ មុខនេះ ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរា បាននឹងកំពុងសិក្សាលើចំណុចប្រឈមនានា ដើម្បីលើកគម្រោង សម្រាប់ការងារជួសជុលបន្ទាន់។ ក្នុងន័យដើម្បីសម្រួលការងារនេះ ក៏ដូចជាដើម្បីជៀសវាងគ្រោះថ្នាក់ ជាយថាហេតុ ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទូទៅ អាជ្ញាធរជាតិអប្សរានឹងបិទការ ឡើងចុះទស្សនាប្រាសាទភិមានអាកាសតាមច្រកផ្នែកខាងលិចជាបណ្តោះអាសន្ន គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២១តទៅ រហូតដល់ការដ្ឋានត្រូវបានជួសជុលរួចរាល់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុន ទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារណជន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជា ព័ត៌មាន៕
ដោយ ៖ សិលា