ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តស្វាយរៀង៖ វិធានការបន្ទាន់លើជំងឺដុំពកស្បែក គោ ក្របី ជាសញ្ញាហានិភ័យខ្ពស់នៃមានការឆ្លងរាលដាលក្នុងលក្ខណៈទ្រុងទ្រាយធំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីណែនាំស្តីពីវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺដុំពកស្បែក គោ ក្របី (Lumpy Skin Disease-LSD)៖

ជំងឺដុំពកស្បែក គោ ក្របី គឺជាជំងឺបង្កដោយវីរុស បច្ចុប្បន្នកំពុងរីករាលដាលនៅតាមបណ្តាខេត្តជាច្រើននៅ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយឡែកខេត្តស្វាយរៀង គិតពីខែមិថុនា រហូតដល់ខែសីហា ឆ្នាំ២០២១នេះ សត្វឈឺ ជំងឺដុំពកស្បែកមានប្រមាណជាង១០០០ ក្បាលហើយនៅតាមបណ្តាក្រុង ស្រុកចំនួន៧ ដែលជាសញ្ញាហានិភ័យ ខ្ពស់ នៃការឆ្លងរាលដាលក្នុងលក្ខណៈទ្រង់ទ្រាយធំដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចរបស់គ្រួសារកសិករ ចិញ្ចឹមសត្វ និងសេដ្ឋកិច្ចរបស់ខេត្ត។

ជំងឺដុំពកស្បែក គោ ក្របី នេះកើតឡើងដោយមានលេចចេញនូវរោគសញ្ញាសំខាន់ៗមួយចំនួន ដូចជា៖ មានដុំពកតូចៗជាច្រើននៅលើស្បែក នៃដងខ្លួនសត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និងកំដៅ ខ្លួនសត្វអាចឡើងដល់៤១ អង្សាសេ។

ដុំពកនេះអាចបង្កទៅជាក្រមរ ហើយអាចបង្កទៅជាដំបៅ ចំពោះសត្វឈ្មោល អាចបាត់បង់សមត្ថភាពបង្កកំណើត បើកើតលើមេផើមអាចរលូតកូន។ ជំងឺនេះនឹងធ្វើឱ្យសត្វងាប់ភាគច្រើនចំពោះ សត្វគោ ក្របីដែលខ្សោយ ជាពិសេសកូនសត្វតូចៗ ជាទូទៅអត្រាសត្វឈឺពី៥-៤៥% អត្រាសត្វងាប់តិចជាង១០%។ មេរោគនេះ អាចឆ្លងពីសត្វមួយទៅសត្វមួយទៀតតាមរយៈការប៉ះពាល់ផ្ទាល់(ពីសត្វទៅសត្វ) ដោយប្រយោលតាម ភ្នាក់ងារចម្លងរោគ(ពពួកសត្វបឺតជញ្ជក់ឈាម ដូចជា រុយ មូស សង្កែ តាប៉ោម…) មធ្យោបាយដឹកជញ្ជូន ចំណីសត្វ ទឹកមេជីវិតបង្កក បរិស្ថាន និងភ្នាក់ងារចម្លងផ្សេងៗ ទៀត។ មេរោគបង្កជំងឺនេះ មានភាពធន់នៅក្នុងបរិស្ថាន និងអាច រស់នៅបានក្នុងក្រមរស្បែកស្ងួតរហូតដល់៣ខែ និងរហូតដល់៦ខែនៅក្នុងទ្រុងសត្វកខ្វក់ និងគ្មានពន្លឺចេញ-ចូលគ្រប់ គ្រាន់។ មេរោគនេះអាចរស់នៅក្នុង PH ពី៦,៣ទៅ៨,៣ ហើយនឹងងាយងាប់ដោយពន្លឺថ្ងៃ ជាតិអាស៊ីត ជាតិបាស ខ្ពស់ និងបញ្ឈប់សកម្មភាពនៅសីតុណ្ហភាពចាប់ពី៥៥ អង្សាសេឡើងទៅ និងងាយកម្ចាត់ដោយសារទឹកសាប៊ូ។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺខាងលើឱ្យមានប្រសិទ្ធភាព រដ្ឋបាលខេត្តស្វាយរៀង – សូម ធ្វើការណែនាំដល់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរព័ត៌មានខេត្ត ស្នងការនគបាលខេត្ត កងរាជអាវុធហត្ថខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ និងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ ត្រូវអនុវត្ត នូវវិធានការជាក់លាក់មួយចំនួនដូចខាងក្រោម៖

១) មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តជំរុញការអនុវត្តវិធានការចាំបាច់ និងបន្ទាន់នានា ដើម្បី បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដុំពកស្បែក គោ ក្របី ដោយត្រូវធ្វើការតាមដាន ស្រាវជ្រាវយ៉ាងហ្មត់ចត់ និងជាប្រចាំលើសុខភាពសត្វគោ ក្របី នៅទូទាំងខេត្ត និងត្រូវអនុវត្តវិធានការជីវសុវត្ថិភាព អនាម័យនៅគ្រប់ទីកន្លែង ចិញ្ចឹមសត្វ កន្លែងប្រមូលផ្តុំសត្វគោ ក្របី និងទីផ្សារគោ ក្របី។ ជាមួយនេះ ក៍ត្រូវពង្រឹងការត្រួតពិនិត្យអនាម័យសត្វ និងផលិតផលសាច់សត្វ ព្រមទាំងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់រូបភាព ដល់ប្រជាពលរដ្ឋឱ្យមាន ការយល់ដឹងអំពីជំងឺដុំពកស្បែក គោ ក្របី និងចូលរួមអនុវត្តវិធានការការពារ និងព្យាបាលឱ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស។

២) មន្ទីរកសិកម្មខេត្ត ស្នងការនគបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមពំ្រដែនត្រូវពង្រឹងការត្រួតពិនិត្យរាល់ការចរាចរសត្វគោ ក្របីរស់ ទឹកមេជីវិតបង្កក និងផលិតផលសាច់គោ ក្របី ដែល នាំចូលត្រូវមានវិញ្ញាបនបត្រ អនាម័យពីប្រទេសនាំចេញ និងស្ថិតនៅក្រោមការត្រួតពិនិត្យសុខភាពសត្វ និងការធ្វើ ចត្តាឡីស័កពីមន្ត្រីជំនាញបសុពេទ្យ។

៣) មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវអប់រំណែនាំដល់ប្រជាពលរដ្ឋ ភ្នាក់ងារសុខភាពសត្វភូមិ អ្នក ចិញ្ចឹមគោ ក្របី នៅតាមមូលដ្ឋាន កន្លែងចិញ្ចឹម និងតាមកសិដ្ឋាន ឱ្យធ្វើការថែទាំផ្ដល់ទឹកចំណីតាមដានសុខភាព និង ការអនុវត្តវិធានជីវសុវត្ថិភាពឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។

៤) មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងរដ្ឋបាលក្រុង ស្រុកត្រូវធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពដល់ ប្រជាជន និងអ្នកចិញ្ចឹមសត្វគោ ក្របី ឱ្យបានជ្រួតជ្រាបពីផលប៉ះពាល់ និងការខូចខាតធ្ងន់ធ្ងរលើផលិតកម្មសត្វ ផ្នែក សេដ្ឋកិច្ច បណ្តាលមកពីជំងឺដុំពកស្បែកគោក្របីនេះ។

៥) មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត និងមន្ទីរព័ត៌មានខេត្ត ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាកសិករ និងអ្នកពាក់ព័ន្ធតាមវិទ្យុរបស់ខេត្ត អំពីខ្លឹមសារនៃសេចក្ដីណែនាំនេះ និងអត្ថបទបច្ចេកទេសស្តីពីវិធានការការពារ និងព្យាបាលជំងឺដុំពកគោ ក្របី។

៦) អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវរួមគ្នាពិនិត្យ និងរកដំណោះស្រាយនូវរាល់បញ្ហា ដែលធ្វើឱ្យរាំងស្ទះដល់ការងារអនុវត្ត នូវសេចក្ដីណែនាំនេះ ព្រមទាំងផ្តល់ព័ត៌មាន ជូនរដ្ឋបាលខេត្តតាមគ្រប់មធ្យោបាយ សំដៅពិនិត្យ និងរកដំណោះស្រាយឱ្យ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទទួលបាននូវសេចក្ដីណែនាំនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពពាក់ព័ន្ធនានា ត្រូវមានវិធានការ ណែនាំអនុវត្តជាក់ស្តែងឱ្យបានសមស្រប និងមានប្រសិទ្ធភាពឈានទៅសម្រេចបាននូវបរិមាណ និងគុណភាពខ្ពស់៕

ដោយ ៖ សិលា


ចែករំលែក៖