ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងបណ្តាល ! លិចផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីភ្លៀងធ្លាក់ ដល់ ១២៥ មីលីម៉ែត្រ មិនទាន់ស្រក !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ថាៈ ភ្លៀងដែលធ្លាក់ កាលពីយប់ថ្ងៃទី៣០ ខែសីហា បានរាយប៉ាយ ស្ទើរគ្រប់ខេត្ត ក្នុងកម្រិតពីតិច ទៅមធ្យម និងមានខេត្តខ្លះ ពីបង្គួរទៅច្រើន ដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង និងខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ ស្ទើរគ្រប់ស្រុក ដល់កម្រិតជិត ១០០ ឬលើសពី ១០០ មីលីម៉ែត្រ បង្កឱ្យមានជំនន់ទឹកភ្លៀង ដូចជា នៅខេត្តកំពង់ស្ពឺ បន្ទាប់ពីមានភ្លៀងធ្លាក់ ដល់ ១២៥ មីលីម៉ែត្រ រួចមក។

  ដោយឡែក ភ្លៀងធ្លាក់ កាលពីយប់ថ្ងៃទី៣០ ខែសីហា បានរាយប៉ាយ នៅគ្រប់រាជធានីខេត្ត ដោយខេត្តខ្លះ ក្នុងកម្រិតមធ្យម និងខេត្តខ្លះ ដល់កម្រិតពីបង្គួរ ទៅច្រើន បង្កឱ្យមាន ជំនន់ទឹកភ្លៀង ដូចជា នៅខេត្តកំពង់ស្ពឺ ទឹកលិចផ្លូវជាតិលេខ៤ មិនទាន់ស្រកអស់នៅឡើយទេ បន្ទាប់ពីមានភ្លៀងធ្លាក់ ដល់កម្រិត ១២៥ មីលីម៉ែត្រ រួចមក។ ភ្លៀងធ្លាក់ដោយបរិមាណ ច្រើន កើតមានជាបន្តបន្ទាប់ ចាប់ដើមខែកញ្ញា ស្អែកនេះទៅ។

អ្នកនាំពាក្យក្រសួងជំនាញខាងលើ បាននិយាយឱ្យដឹងទៀតថាៈ នៅខេត្តកំពង់ស្ពឺ មានភ្លៀងធ្លាក់ច្រើន ជាងគេ ដល់ ១២៥ មីលីម៉ែត្រ និងគ្រប់ឃុំ មានភ្លៀងធ្លាក់ ជិតដល់ ១០០ មីលីម៉ែត្រ ។ នៅផ្ទៃរងទឹកភ្លៀង ស្រែខ្លុង មានភ្លៀងធ្លាក់ច្រើន ជន់ឡើងខ្លាំង តែស្ទឹងឃ្លាច និងស្ទឹងតាសាល ដែលជាប្រភពទឹកស្ទឹង ព្រែកត្នោត មិនទាន់មានសញ្ញាណ ជំនន់កើតឡើង ទេ តែមន្ទីរធនធានទឹក ខេត្តកំពង់ស្ពឺ បានចាត់ចែង កម្លាំងប្រចាំការ នៅទ្វារទឹករលាំងជ្រៃ រួចហើយ ដើម្បីចាំបិទបើកទ្វារទឹក បញ្ចៀសការលិចលង់ ទាំងនៅផ្នែកខាងលើ និងផ្នែកខាងក្រោម។

ចំពោះការលិចលង់ផ្លូវជាតិលេខ៤ នៅចំណុចមុខបុរីសុវណ្ណ ក្រុងច្បារមន ដែលជាតំបន់មានភ្លៀងធ្លាក់ ដល់ ១១០ មីលីម៉ែត្រ មកដល់រសៀល ថ្ងៃទី៣១ ខែសីហា មិនទាន់ស្រកនៅឡើយទេ ដោយសារ ប្រព័ន្ធដោះទឹក មានទំហំតូច ពេលនេះ ក្រុមការងារ កំពុងបង្ហោះដ្រូនរកផ្លូវដោះទឹក ឱ្យបានលឿន។

លោក ចាន់ យុត្ថា បាននិយាយឱ្យដឹងផងដែរថាៈ នៅថ្ងៃទី៣១ ខែសីហា នេះ ភ្លៀងធ្លាក់រាយប៉ាយ មាននៅទូទាំងប្រទេស តែមិនខ្លាំងដូចកាលពីថ្ងៃទី៣០ ខែសីហាទេ។ កម្ពុជា ពេលនេះ ចាប់ផ្តើមទទួលឥទ្ធិពល ខ្យល់មូសុងនិរតីខ្លាំង ជាមួយនឹងប្រព័ន្ធសម្ពាធទាបខ្សោយ។

ខណៈនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះនៅតាមផ្លូវជាតិលេខ៤ ដែលកំពុងរងការជន់លិចទឹកចម្ងាយប្រមាណជា១០០ម៉ែត្រ យើងបានទាក់ទងទៅមម្ត្រីបច្ចេកទេស មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ទីតាំងភូមិសាស្ត្រជាក់ស្តែង តំបន់នោះដើមឡើយគឺនៅទាំងសងខាងផ្លូវជាតិ៤ មានបឹង-ត្រពាំងទឹក សម្រាប់រំដោះទឹកចេញពីផ្លូវជាតិលេខ៤ ប៉ុន្តែមកដល់បច្ចុប្បន្នទីតាំងបឹងទាំងនោះបានក្លាយទៅជាភូមិ-លំនៅដ្ឋាន និងទីតាំងរោងចក្រ អស់ទៅហើយដោយសាតែជាចំណុចត្រូវអភិវឌ្ឍន៍ នាំឲ្យលំហូរទឹកទាំងនេះគឺលែងមានផ្លូវទឹកសម្រាប់ទៅកាន់បឹងទាំងនោះ ដែលធ្វើឲ្យទឹកភ្លៀងជន់លិចជារៀងរាល់ឆ្នាំមិនដែលខានឡើយ ។

សូមរំលឹកថា, ជារៀងរាល់ឆ្នាំ ហើយជាយូឆ្នាំកន្លងមកហើយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៤៣-៤៤ ស្ថិតក្នុងភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ជាប់គ្នាជាមួយព្រំប្រទល់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តែងតែជន់លិចដោយសារតែទឹកភ្លៀង គឺលិចលង់មុនគេជារៀងរហូតកន្លងមកជាយូឆ្នាំមកហើយ ។

ដោយឡែក, បើយោងតាមការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២១ស្ដីពី ស្ថានភាពធាតុអាកាស បានបញ្ជាក់អោយដឹងថា, ចាប់ពីថ្ងៃទី១-៧ ខែកញ្ញា ឆ្នាំ២០២១ អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់, នៅភូមិសាស្ត្រមួយចំនួនក្នុងតំបន់នេះ មានជំនន់ទឹកភ្លៀងកើតឡើង ! 

ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ចា, – ក្នុងអំឡុងសប្តាហ៏ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌ ក្នុងកម្រិតខ្លាំងជាមួយនិងប្រព័ន្ធសម្ពាធទាប ។

– នៅថ្ងៃទី២-៤ និងថ្ងៃទី៧ ខែកញ្ញា មានឥទ្ធិពលបន្ថែមគឺខ្យល់សមុទ្រ Breeze ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C

-សីតុណ្ហអតិបរមា មានពី ៣០-៣២ ºC

– អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះអាចនៅភូមិសាស្ត្រមួយចំនួនក្នុងតំបន់នេះ មានជំនន់ទឹកភ្លៀងកើតឡើង ៕

ដោយ ៖ សិលា


ចែករំលែក៖