ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ៤ឆ្នាំស្លាប់គួរឱ្យអាសូរក្រោយពីក្មេងប្រុសសង្ស័យ២នាក់ប្រើហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសាកសួរក្នុងករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយបានយកខ្សែ សាកថ្មទូរស័ព្ទមកទាក់ កហើយថែមទាំងបានវាយមូលក្ដិចបណ្ដាលឱ្យក្មេងស្រីរងគ្រោះស្លាប់គួរឱ្យអាសូរនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ៣១ខែសីហាឆ្នាំ២០២១។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាក្មេងប្រុសសង្ស័យមានឈ្មោះ ម៉ុក មិថុនា  អាយុ៩ឆ្នាំនិងឈ្មោះ ម៉ុក កក្កដា  អាយុ ១៤ ឆ្នាំមុខរបរសិស្សរស់នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះរិទ្ធ ពិសី អាយុ៤ឆ្នាំ រស់នៅភូមិនារាទេន ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

សមត្ថកិច្ចបញ្ជាក់ថា កាលពីម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៣០ខែសីហាឆ្នាំ២០២១ក្មេងប្រុសសង្ស័យ២នាក់និងក្មេងស្រីរងគ្រោះបាននាំគ្នា រត់ប្រឡែងគ្នាលេង នៅវាលស្រែ យ៉ាងសប្បាយតាមរបៀបក្មេងៗ។

ប្រភពបន្តថាក្រោយមក មិនដឹងយ៉ាងម៉េចស្រាប់តែក្មេងប្រុសសង្ស័យឈ្មោះម៉ុក មិថុនា បានយកខ្សែ សាកថ្មទូរស័ព្ទនោះមកទាក់ កក្មេងស្រីរងគ្រោះហើយថែមទាំងបានវាយមូលក្ដិច និងបានប្រាប់ថាកុំឱ្យលេងទឹកប្រយ័ត្នលង់។

ប្រភពបន្តថាក្រោយមកនៅវេលាម៉ោងម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី ៣១ខែសីហាឆ្នាំ២០២១ក្មេងស្រីខាងលើមានអាការៈឈឺចុកចាប់រហូតបានដាច់ខ្យល់ស្លាប់គួរឱ្យសង្វេគបំផុត។

ក្រោយពីសមត្ថកិច្ចពិនិត្យសពនិងធ្វើកំណត់ហេតុរួចក៏បានប្រគល់ឱ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។

ចំណែកក្មេងប្រុសសង្ស័យទាំង២នាក់ត្រូវសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចាត់ការបន្តតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖