នៅពេលនេះមិនមានជើងហោះហើរបរទេសដើម្បីជម្លៀសពលរដ្ឋចេញពីប្រទេសអាហ្វហ្គានីស្ថាននោះឡើយ។ ទាំងនោះហើយទើបធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថានបាននាំគ្នាព្យាយាមភៀសខ្លួនដោយថ្មើរជើងទៅកាន់តំបន់ព្រំដែនអាហ្វហ្គានីស្ថានជាប់ប្រទេសប៉ាគីស្ថាន ។
ក្រោយកម្លាំងទាហានអាមេរិកនិងសម្ពន្ធមិត្តដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ហើយជើងហោះហើរស៊ីវិលមិនទាន់ដំណើរការឡើងវិញនោះ នៅពេលនេះ ក្រុមតាលីបង់កំពុងតែពិភាក្សាជាមួយប្រទេសកាតារ តួកគីដើម្បីដំណើរការអាកាសយានដ្ឋានទីក្រុងកាប៊ុល ហើយកិច្ចពិភាក្សានោះអាចនឹងប្រើពេលវេលាជាច្រើនសប្តាហ៍ទៀត។ ដោយមិនមានមធ្យោបាយធ្វើដំណើរតាមដែនអាកាសពលរដ្ឋអាហ្វហ្គានីស្ថានបានសម្រេចភៀសខ្លួនទៅកាន់ព្រំដែនជាប់ប្រទេសប៉ាគីស្ថាន។
លោក Anas Haqqani សមាជិកនៃគណៈកម្មាធិការនយោបាយរបស់ក្រុមតាលីបង់បានឱ្យដឹងថាអាកាសយានដ្ឋានទីក្រុងកាប៊ុលនឹងដំណើរការឡើងវិញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ លោក Haqqani បានបញ្ជាក់ថា «យើងខ្ញុំបានត្រៀមលក្ខណៈដើម្បីដំណើរការអាកាសយានដ្ឋានឡើងវិញ ហើយយើងនឹងធ្វើវាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ»។
ពលរដ្ឋអាហ្វហ្គានីស្ថានដែលចង់ចាកចេញពីប្រទេសរបស់ខ្លួនមិនអាចរង់ចាំបានឡើយដោយពួកគេនាំគ្នាធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន ហើយពលរដ្ឋជាច្រើនទៀតបានព្យាយាមទៅកាន់ព្រំដែនជាប់ប្រទេសតំបន់អាស៊ីភាគកណ្តាល។
មកទល់ពេលនេះមានពលរដ្ឋ ១២២.០០០នាក់បានចាកចេញពីអាហ្វហ្គានីស្ថាន ក្នុងនោះមានជនជាតិអាមេរិក៦ពាន់នាក់បានចាកចេញពីទីក្រុងកាប៊ុល ចាប់ពីថ្ងៃទី១៤ខែសីហា ក្រោយក្រុមតាលីបង់គ្រប់គ្រងទីក្រុងកាប៊ុល៕
ដោយ៖ធីរីណា(ប្រភព៖VTC.VN)