ខេត្តបាត់ដំបង៖ មេបញ្ជាការយោធភូមិភាគទី៥ ចេញបទបញ្ជាស្តីពី ការទប់ស្កាត់ក្នុងការនាំចូលរថយន្តចង្កូតស្ដាំមកក្នុងប្រទេស ។
នេះបើយោងតាមលិខិតដែលអង្គភាព”កាសែតនគរវត្ត”ទទួលបាននៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ របស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ នូវបញ្ជា៤ចំណុចដាក់ជូនកងទ័ព ។
យោង -សំណើរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខៈ ៦៤១០ សហវ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
-ចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា។
ចេញបទបញ្ជាដូចខាងក្រោម ៖
១. គ្រប់បណ្តាកងឯកភាពដែលឈរជើងនៅតាមខ្សែបណ្ដោយព្រំដែន ត្រូវសហការជាមួយបណ្តាកងឯកភាព និងបណ្ដាស្ថាប័នដែលមានការពាក់ព័ន្ធ ទប់ស្កាត់ឲ្យបានដាច់ខាតនូវការលួចនាំចូលរថយន្តចង្កូតស្តាំតាម ច្រករបៀងនៅតាមខ្សែបណ្ដោយព្រំដែន។
២. ករណីមានយោធិនណាឃុបឃិតក្នុងការលួចនាំចូលរថយន្តចង្កូតស្ដាំតាមច្រករបៀងនៅតាមខ្សែបណ្ដោយព្រំដែនល្មើសនឹងសេចក្តីសម្រេចនេះ មេបញ្ជាការកងឯកភាពនោះនឹងត្រូវប្រឈមចំពោះមុខច្បាប់។
៣. មេបញ្ជាការប្រចាំទិសទី១ ទិសទី២ ទិសទី៣(ប៉ៃលិន-សំឡូត) និងទិសទី៤ ត្រូវផ្សព្វផ្សាយបទបញ្ជានេះជូន ដល់មេបញ្ជាការគ្រប់កងឯកភាពស្ថិតនៅក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនឲ្យបានឆាប់បំផុត។
៤. បទបញ្ញានេះ មានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខានេះ៕
ដោយ៖ សុខ ខេមរា