ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ៖​ នគរបាលជំនាញបានស្រាវជ្រាវបង្ក្រាបករណីជនជាតិចិនផ្ទុះអាវុធ០២គ្រាប់ នៅចំណុចសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បេី​តាមការបញ្ជាក់ពី​លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ កម្លាំងនគរបាលជំនាញ​ បានស្រាវជ្រាវបង្ក្រាបករណីជនសង្ស័យផ្ទុះអាវុធ០២គ្រាប់ ដែលបង្កឡើងដោយជនជាតិចិន នៅចំណុចសណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ស្ថិតនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ​ បានឱ្យដឹងទៀតថា​ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៥​ និង៣០នាទីទៀបភ្លឺកន្លងទៅថ្មីៗនេះ​ មានករណីផ្ទុះអាវុធចំនួន០២គ្រាប់ បង្កឡើងដោយជនជាតិចិន ភេទប្រុស មិនស្គាល់អត្តសញ្ញាណ បានដកកាំភ្លើងខ្លី០១ដើម ចេញពីចង្កេះ រួចបាញ់ទៅលើទ្វារកញ្ចក់របស់សណ្ឋាគារ ស៊ីងហាវអ៊ីងហួយ ចំនួន ០២គ្រាប់ បណ្តាលឲ្យបែកកញ្ចក់អស់មួយផ្ទាំង រួចគេចខ្លួនបាត់។ 

បន្ទាប់ពីទទួលបានពត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២២​ និង០០នាទីយប់ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យ ព្រមទាំងដកហូតបានវត្ថុតាងកាំភ្លើងខ្លី ០១ដើម ។

ជនសង្ស័យមានឈ្មោះ GU SAN QIANG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ប្តូរប្រាក់ លិខិតឆ្លងដែនលេខៈ E46927678 ស្នាក់នៅ ភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ចំណែក​វត្ថុតាងចាប់យកបាន៖​ កាំភ្លើងខ្លី ០១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ មានលេខសម្គាល់ៈ 66B087323​,បង់កាំភ្លើង ០១ មានគ្រាប់ចំនួន ០៨គ្រាប់ (ប្រភេទ ៩mm) ។

សំភារៈខូចខាត ទ្វារកញ្ចក់ ០១ផ្ទាំង ។

គួរបញ្ជាក់ថា​ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

ដោយ​៖សហការី​


ចែករំលែក៖