ព័ត៌មានទាន់ហេតុការណ៍៖

មន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ អះអាងថា៖ នៅរដូវវស្សាឆ្នាំនេះ ភ្នំពេញ ឈប់លិចដោយជំនន់ទឹកភ្លៀងទៀតហើយ ព្រោះមានម៉ាស៊ីនបូម ទឹកដោយស្វ័យប្រវត្ដិរបស់ជប៉ុន នៅតំបន់ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីជំនាញ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល១៨ថ្ងៃ ដែល មានភ្លៀងធ្លាក់ខ្លាំងភ្នំពេញមិនមានការលិចលុង ដោយជំនន់ទឹកភ្លៀងទៀតនោះទេ ក្រោយពី ដាក់ ឲ្យដំណើរការលូខ្នាតធំអាងក្រោមដី ម៉ាស៊ីនកាយ សំរាមស្វ័យប្រវត្តិ និងស្ថានីយ៍បូមទឹកថ្មីវត្តភ្នំ តំបន់ដែលធ្លាប់លិចទឹកធ្ងន់ធ្ងរ នៅជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០ ផ្លូវលេខ៩២ និងផ្សារ កណ្តាល ក្នុងខណ្ឌដូនពេញមិនមានរងការលិចលុងដោយទឹកភ្លៀងទៀតទេ ។

   មន្ដ្រីជំនាញ រដ្ឋបាលរាជធានីភញនំពេញ បាន បញ្ជាក់ឲ្យដឹងនៅថ្ងៃទី០២ កញ្ញា ២០២១ នេះថា៖ កន្លងមក ការដ្ឋានលូទាំងប៉ុន្មានក៏បាន ដាក់ឲ្យ ដំណើរការលូខ្នាតធំ បណ្តោះ អាសន្ន នៅភូមិសាស្ត្រ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ក្នុងរយៈពេល៣ ថ្ងៃមកនេះ ឃើញថា ស្តុបផ្សារមាន់អាំង ផ្លូវលេខ៥៩២ មុខ វិទ្យាល័យឥន្ទ្រទេវីក៏មានភាព ល្អប្រសើរមិនមានរងការលិចទឹកភ្លៀងទៀតដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីរដ្ឋបាល រាជ ធានីភ្នំពេញ ស្នើសុំឲ្យបងប្អូន ប្រជាពលរដ្ឋ ចូលរួមសំអាតសំរាមកកស្ទះ មុខអណ្តូង លូ នៅមុខផ្ទះរៀងៗ ខ្លួនផង ។

    លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណ ការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ និងលោកTosh ikazu TOKIOKA លេខាទី១ស្ថានទូត ជប៉ុន ព្រមទាំង លោកស្រី Aya TOKUMOTO តំណាងអង្គការJICA  កន្លងមកក៏បានធ្វើពិធី ដាក់ ឲ្យ ដំណើរការ ម៉ាស៊ីនត្រងសំរាមដោយ ស្វ័យប្រវត្តិនេះហើយដែរ នៅសួនច្បារមាត់ទន្លេ CDC សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២១ ដែលជាផ្នែកមួយ នៃ គម្រោងការពារទឹកជំនន់ជំហានទី៤របស់ ប្រទេសជប៉ុន ។

    គម្រោងនេះបានដាក់លូមេជាលូមូលនិងលូ ប្រអប់ខ្នាតធំ ដែលមានទំហំចាប់ពី អង្កត់ផ្ចិត ១.៥ ម៉ែត្រដល់២.៣ ម៉ែត្រសាងសង់អាងក្រោម ដី ដែលស្តុកទឹកបាន៦៥០០០ ម៉ែត្រគូបមានទំហំ បណ្តោយ១៣៥ ម៉ែត្រទទឹង១៣ម៉ែត្រជំរៅ៤ម៉ែត្រ និងសាងសង់ ស្ថានីយ៍ បូមទឹកថ្មីមានសមត្ថ ភាព បូមទឹក១.៤ ម៉ែត្រគូបក្នុង ១វិនាទី ។ គម្រោង នេះ ដោះស្រាយបញ្ហាទឹកលិចនៅតំបន់ជុំវិញ និង ខាងជើងវត្តភ្នំ រួមមានផ្លូវលេខ៤៧ផ្លូវលេខ ៩០ផ្លូវលេខ៩២ ។ 

     សូមបញ្ជាក់ថា ៖ គម្រោងការពារទឹកជំនន់ និង កែលម្អ ប្រព័ន្ធប្រឡាយលូជំហានទី៤ក្នុង រាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ។

     គម្រោងការពារទឹកជំនន់ និងកែលម្អ ប្រព័ន្ធ ប្រឡាយលូក្នុង រាជធានីភ្នំពេញជំហានទី ០៤ របស់ចៃកានេះ មានទឹកប្រាក់សរុប ប្រមាណ ៣៦លានដុល្លារសហរដ្ឋអាមេរិកដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោង នេះរួមមាន ការសាងសង់អាងស្តុកទឹក ក្រោមដីស្ថានីយ បូមទឹក របារត្រងសំរាម មេកានិចអូតូ ដោយប្រវត្តិ និងរថយន្តបំពាក់ម៉ាស៊ីនបូមទឹក ។ ក្នុងនោះការសាងសង់ធ្វើ ឲ្យប្រសើរឡើង នូវ ប្រព័ន្ធ ប្រឡាយលូ ក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យ ប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោក ជាដើម 

ដោយ ៖ សំរិត


ចែករំលែក៖