ក្លិប Barcelona បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Sevilla ដើម្បីចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធសញ្ជាតិហូឡង់ Luuk de Jong ក្នុងកិច្ចសន្យាខ្ចីរយៈពេល១រដូវជាមួយនឹងជម្រើសនៃការផ្ទេរជាអចិន្ត្រៃយ៍។
ខ្សែប្រយុទ្ធ de Jong មានវ័យ៣១ឆ្នាំបានមកដល់កីឡដ្ឋាន Camp Nou បន្ទាប់ពីស្នាក់នៅ២រដូវកាលនៅ Andalucia ជាកន្លែងដែលគាត់បានជួយក្រុមSevilla ឈ្នះពានរង្វាន់ Europa League ឆ្នាំ២០២០ និងរកបាន១០គ្រាប់ក្នុងការបង្ហាញខ្លួន៦៩លើកនៅ La Liga។
ភាពមន្ទិលសង្ស័យត្រូវបានដាក់លើកិច្ចព្រមព្រៀងនេះ ព្រោះវាមិនត្រូវបានប្រកាសដោយក្លិបណាមួយនៅមុនថ្ងៃកំណត់នៃការផ្ទេរកីឡាករនៅពាក់កណ្តាលអធ្រាត្រឡើយ ទោះយ៉ាងណា La Liga បានបញ្ជាក់ថា ពួកគេបានទទួលឯកសារទាន់ពេលវេលា ហើយមិនបានផ្តល់ការពន្យារពេលណាមួយឡើយ។
ការផ្លាស់ប្តូរនេះបានកំណត់ថ្ងៃសម្រាប់ Barcelona ដែលមានការចាកចេញរបស់កីឡាករ Emerson Royal ទៅកាន់ Tottenham Hotspur, Rey Manajទៅក្លិប Spezia, Ilaix Moriba ទៅក្លិប RB Leipzig និង Antoine Griezmann ក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លិបចាស់ Atletico Madrid ។
ក្លិប Barcelona ក៏បានប្រកាសផងដែរថា ពួកគេបានចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Sergio Aguero បន្ទាប់ពីកីឡាករ២រូបគឺ Jordi Alba និង Sergio Busquets បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលសម្រាប់រដូវកាលនេះ និងពន្យារពេលនៃការទូទាត់សម្រាប់ឆ្នាំបន្ទាប់នៃកិច្ចព្រមព្រៀងរបស់ពួកគេ ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters)