ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ឯក​ ឃុនដឿន​៖ ត្រៀមបើកផ្លូវជូនពលរដ្ឋ៦៥គ្រួសារ​ និងពុះចែកដីឡូត៍​ តាមគោលនយោបាយ​ ឈ្នះ​ ឈ្នះ របស់សម្ដេចតេជោ

ចែករំលែក៖

ភ្នំពេញ៖ ដោយ​យោង​តាមគោលនយោបាយ ឈ្នះ​ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាអភិបាលខណ្ឌឫស្សីកែវថ្មី​ លោក ឯក ឃុនដឿន បានចុះត្រួតពិនិត្យទីតាំង ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីត្រៀមលក្ខណៈបើកផ្លូវបន្ថែមទៀត និងឈានទៅវាស់វែងកំណត់ព្រំក្បាលដីឡូត៍ ដើម្បីចែកជូនប្រជាពលរដ្ឋ ចំនួន៦៥គ្រួសារ​។ 

ចំពោះ​ការអះអាង​បែបនេះ​បន្ទាប់ពីលោក ឯក ឃុនដឿន បានចុះសំណេះសំណាលមើលការផ្ដល់សេវាសាធារណៈ និងសួរសុខទុក្ខ ព្រមទាំងឆ្លៀតឧបត្ថម្ភ ក្រមា, អាល់កុល, ម៉ាស់, និងឧបករណ៍វាស់កំដៅ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់លោក-លោកស្រីចៅសង្កាត់ ចៅសង្កាត់រង មន្ត្រីសង្កាត់ និងថ្នាក់ដឹកនាំភូមិ ស្ថិតនៅរដ្ឋបាលសង្កាត់ច្រាំងចំរេះទី២ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ម្សិលមិញនេះ​។

ការចុះត្រួតពិនិត្យក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវនេះ ក៏មានការរួមអមដំណើរដោយលោក ប្រាជ្ញ សីហា, លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌផងដែរ។

ជាមួយគ្នានេះ​ ក្រៅពីសកម្មភាពសមធម៌ និងត្រួតពិនិត្យទីតាំង ក្នុងតំបន់អភិវឌ្ឍន៍ឫស្សីកែវ ដើម្បីត្រៀមពុះចែកដីឡូត៌ និងបើកផ្លូវជូនប្រជាពលរដ្ឋ៦៥គ្រួសារ​ លោកអភិបាលខណ្ឌឫស្សីកែវថ្មីរូបនេះ​ ក៏បានជុំរុញបន្ថែមឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណាចលនាប្រជាពលរដ្ឋ ឱ្យបន្តចូលរួមអនុវត្តវិធានការ “៣កុំ ៣ការពារ” ដើម្បីឈានទៅកាត់ផ្ដាច់ការចម្លងមេរោគកូវីដ-១៩ នៃព្រឹត្តិការណ៍សហគម២០កុម្ភ: បន្ទាប់ពីរួមគ្នាផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយធានា “ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព” តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ​៖សហការី​


ចែករំលែក៖