ភ្នំពេញ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃសុក្រទី០៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៥ (GS5-F14) មូលហេតុបណ្ដាលមកពីក្រុមការងាររបស់ក្រុមហ៊ុនGD FUDA Construction Service Co.,LTD ប្រើប្រាស់ម៉ាស៊ីនសង្កត់ដែកធ្វើលូរបូតដែកសង្កត់លើខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។
ជាក់ស្ដែងចរន្តអគ្គិសនីដែលដាច់នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ស្ថិតនៅដូចជា៖ (១)ភូមិទួលគោក ភូមិបឹងសាឡាង សង្កាត់ទួលសង្កែ (២)ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ (៣)សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់។
អគ្គិសនីកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖សហការី