ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានសហព័ន្ធវ៉ូវីណាមណែនាំក្រុមជម្រើសជាតិហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ចែករំលែក៖

ភ្នំពេញ៖ បើតាម(CAMSOC) បានអោយដឹងថា, ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា និងលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានសំណេះសំណាលលើកទឹកចិត្ត ក្រើនរំឭកឲ្យក្រុមកីឡាករ កីឡាការិនីជម្រើសជាតិវ៉ូវីណាមខិតខំហ្វឹកហាត់ និងការគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន នៅព្រឹកថ្ងៃសុក្រ ទី៣ ខែកញ្ញា ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវហ្វឹកហាត់បិទខ្ទប់នៅទីនេះ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានលើកទឹកចិត្តឲ្យកីឡាករ កីឡាការិនីជម្រើសជាតិកីឡាវ៉ូវីណាមឲ្យខិតខំការហ្វឹកហាត់ឲ្យបានល្អប្រសើរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងស៊ីហ្គេម ចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ លោកក៏បានក្រើនរំឭកដល់អត្តពលិកទាំងអស់ ដែលត្រូវត្រៀមលើវិញ្ញាសាប្រយុទ្ធត្រូវថែរក្សាទម្ងន់ កុំឲ្យឡើងទម្ងន់។ ចំពោះអ្នកដែលត្រូវប្រកួតវិញ្ញាសាសម្តែងក៏ត្រូវបានឯកឧត្តមជំរុញឲ្យពួកគេប្រឹងប្រែងហ្វឹកហាត់ឲ្យបានមុះមុតដូចគ្នា ដើម្បីបង្កើនគុណភាពបច្ចេកទេសទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងនាមជាប្រភេទកីឡាសក្តានុពលរបស់កម្ពុជាផងដែរ។ ក្រៅពីគោលដៅបង្កើនបច្ចេកទេស ក៏ប្រធានសហព័ន្ធវ៉ូវីណាមរូបនេះបានផ្តល់ការណែនាំជាថ្មីឲ្យក្រុមជម្រើសជាតិទាំងអស់ត្រូវគោរពវិន័យ ក្រមសីលធម៌ឲ្យស័ក្តិសមជាក្រុមជម្រើសជាតិ ហើយក៏ត្រូវគោរពតាមវិធានការសុខាភិបាល ៣កុំ ៣ការពារឲ្យបានខ្ជាប់ខ្ជួនបំផុតដោយចាប់ផ្តើមចេញពីខ្លួនឯងម្នាក់ៗនេះហើយ។

«ត្រូវព្យាយាមហ្វឹកហាត់ឲ្យល្អ រួមទាំងការគោរពវិន័យឲ្យបានល្អ។ កីឡាករ ដែលល្អ គឺត្រូវភ្ជាប់ជាមួយនឹងវិន័យល្អដែរ ដោយវិន័យនេះហើយនាំឲ្យយើងល្អ និងកិត្តិយស។ បើយើងអត់មានវិន័យទេ គេមិនអាចលើកយើងរួចដែរ ព្រោះតម្លៃជាកិត្តិយស។ ប្រសិនបើកីឡាករម្នាក់មានទេពកោសល្យ និងមានសមត្ថភាហើយ រឿងអី មិនអាចគោរពវិន័យបាន ដូច្នេះហើយបើកីឡាករ ឬកីឡាការិនីម្នាក់មិនមានវិន័យ អ្នកពិបាកចិត្តជាងគេ គឺគ្រូបង្វឹក ហើយថ្នាក់ដឹកនាំសហព័ន្ធក៏ត្រូវបានគេសួរនាំផងដែរ»។ ទោះការលើកឡើងបែបនេះជាការដាស់តឿនស្មារតីបន្ថែមក៏ពិតមែន ប៉ុន្តែលោក អ៊ូ រតនា ក៏បានកោតសរសើរដល់ការប្រឹងប្រែងរបស់ក្រុមជម្រើសជាតិខ្លួនផងដែរ ដែលខំហ្វឹកហាត់ និងប្រកួតដណ្តើមមេដាយពីព្រឹត្តិការណ៍អន្តរជាតិជាបន្តបន្ទាប់មកជូនជាតិមាតុភូមិ។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជា មានកកីឡាករ ១៩នាក់ និងកីឡាការិនី ១០នាក់ (សរុប២៩នាក់) ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ នេះជាការហ្វឹកហាត់បិទខ្ទប់របស់ក្រុមជម្រើសជាតិវ៉ូវីណាម ខណៈប្រភេទកីឡាផ្សេងៗទៀត សរុប២០ប្រភេទកីឡា ក៏បានហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ នេះដែរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ ខាងមុខ៕

ដោយ ៖ សិលា


ចែករំលែក៖