ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងម្ចាស់ក្រុមហ៊ុនជាថវិកា និងសម្ភារសម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោ​ ព្យាបាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅ​ថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ​ អញ្ជើញទទួលអំណោយមនុស្សធម៌ពីលោកឧកញ៉ា និងក្រុមហ៊ុនជាថវិកា និងសម្ភារៈដល់រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ចូលរួមចំណែកក្នុងការកសាងអគារតេជោ ព្យាបាលជំងឺ កូវីដ-១៩ និងសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។ 

អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុ មានដូចខាងក្រោម៖

១.លោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ៥០ ០០០ ដុល្លារអាមេរិក សម្រាប់សាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩  អាហារ ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់គិតជាថវិកាសរុបចំនួន ៦៦ ៨៤៥ដុល្លារអាមេរិក សម្រាប់ផ្ដល់ជូនដល់កងកម្លាំង ក្រុមគ្រូពេទ្យ និងក្រុមការងារដែលកំពុងបំពេញបេសកកម្មនៅតាមគោលដៅក្រុង ស្រុកនិងមណ្ឌលចត្តាឡីស័កក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ

២. WHITE SAND GROUP ឧបត្ថម្ភថវិកាចំនួន ២០ ០០០ដុល្លារអាមេរិក សម្រាប់សាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ

៣.ក្រុមហ៊ុន SHOU MING KE JI YUAN CO,.LTD ឧបត្ថម្ភថវិកាចំនួន ១០ ០០០ដុល្លារអាមេរិក សម្រាប់សាងសង់អគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ

៤.កាស៊ីណូ ហួយ ហ័រ(HUI HUA Casino) ឧបត្ថម្ភថវិកាចំនួន ១០ ០០០ ដុល្លារអាមេរិក

៥.កាស៊ីណូ តុងស៊ីង អន្តរជាតិ ឧបត្ថម្ភថវិកាចំនួន ៥ ០០០ដុល្លារអាមេរិក និងទឹកពិសារបរិសុទ្ធ ៨០០កេស

៦.កាស៊ីណូ គោមក្រហម ឧបត្ថម្ភថវិកាចំនួន ១០ ០០០ដុល្លារអាមេរិក និងទឹកពិសារបរិសុទ្ធ ៥០០កេស និងអាល់កុល ១០កាន ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះលោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី​ ម្ចាស់​ក្រុមហ៊ុន និងកាស៊ីណូ ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ ។ 

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ជំងឺកូវីដ-១៩ មិនងាយចប់នោះទេ ធ្វើឱ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ចអ្នករកស៊ី និងសេដ្ឋកិច្ចសង្គមជាច្រើន ទាមទារឱ្យយើងចូលរួមសហការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដក្នុងខេត្តព្រះសីហនុ និងសូមអរគុណលោកឧកញ៉ា បងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស សណ្ឋាគារ និងកាស៊ីណូដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ នៅពេលចាប់ផ្តើមជំងឺរាតត្បាតកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ ស្របពេលយើងមានការខ្វះខាត មានដូចជាមន្ទីរពិសោធន៍វេជ្ជសាស្ត្រវិភាគររកមេរោគកូវីដ-១៩ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានជួយសាងសង់មន្ទីពិសោធន៍វិភាគរកមេរោគកូវីដ-១៩ ប្រទេសចិនបានបំពាក់ម៉ាស៊ីនវិភាគមេរោគកូវីដ-១៩ ។  

ជាក់ស្ដែង​លោកឧកញ៉ា និងសប្បុរសជនបានចូល រួមថវិកាទិញម៉ាស៊ីនផលិតអុកស៊ីសែនសម្រាប់បំរើការងារនៅក្នុងខេត្តព្រះ សីហនុ កាលពីមុនយើងទៅដឹកអុកស៊ីសែនពីរាជធានីភ្នំពេញ មានផលវិបាក ជួបហានិភ័យជាច្រើន ។ យើងក៏នៅខ្វះអគារព្យាបាលជំងឺកូវីដ-១៩ ដោយមានកិច្ចសហការគាំទ្រឧបត្ថម្ភថវិកាពីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ លោកឧកញ៉ា បងប្អូនសប្បុរសជនបានជួយជាថវិកា និងសម្ភារៈសាងសង់អគារតេជោ ព្យាបាលជំងឺកូវីដ-១៩ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបន្តទៀត នឹងកំពុងចាប់ផ្តើមដំណើរការសាងសង់ប្រសិនបើនៅសល់ថវិកាយើងនឹងយកមកធ្វើការកែលម្អសោភ័ណភាពក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ឱ្យមានភាពបៃតង ។

បន្ថែមពីនេះ​លោក​អភិបាលខេត្ត សង្ឃឹម និងជឿជាក់ថា លោកឧកញ៉ា បងប្អូនសប្បុរសជន បណ្តាក្រុមហ៊ុន រោងចក្រក្នុងខេត្តព្រះសីហនុ បន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការចូលរួមបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងខេត្តព្រះសីហនុបន្តទៀត ៕

ដោយ​៖សហការី​


ចែករំលែក៖