ប្រទេសជប៉ុន៖ តំណាងក្រុមហ៊ុន Top Planning Japan Co., Ltd អំពីសក្តានុពលទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា ចូលទីផ្សារជប៉ុន ដែលជារៀងរាល់ឆ្នាំជប៉ុន នាំចូលគ្រាប់ស្វាយចន្ទី ប្រមាណ ១០ ម៉ឺនតោនពីបណ្តាប្រទេសនានា។ នេះបើយោងតាមផេកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុនបានបញ្ជាក់អោយដឹង នៅរសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១។
សូមបញ្ជាក់ថា, នៅថ្ងៃសុក្រទី០៣ ខែកញ្ញា ឆ្នាំ២០២១ លោក សៅ ខូរ៉ាឌីន ទីប្រឹក្សាទទួលបន្ទុកនយោបាយ និងលោក ហង់ សុជីវិន ទីប្រឹក្សាពាណិជ្ជកម្មបាន ទទួលជួបពិភាក្សាការងារជាមួយលោក Takayuki Imahashi តំណាងក្រុមហ៊ុន Top Planning Japan Co., Ltd អំពីសក្តានុពលទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា ចូលទីផ្សារជប៉ុន ដែលជារៀងរាល់ឆ្នាំជប៉ុន នាំចូលគ្រាប់ស្វាយចន្ទី ប្រមាណ ១០ ម៉ឺនតោនពីបណ្តាប្រទេសនានា។
ក្រុមហ៊ុនTop Planning Japan Co., Ltd បានវិនិយោគរួមជាមួយដៃគូពាណិជ្ជករខ្មែរ បង្កើតរោងចក្រកែច្នៃវេចខ្ចប់ស្វាយចន្ទីខ្នាតតូច១ មានស្តង់ដាគុណភាពខ្ពស់ នៅខេត្តកំពង់ធំ និងកំពុងនាំចេញមកទីផ្សារប្រទេសជប៉ុន ជាបណ្តើរៗ។
ស្ថានទូតសហការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ជំរុញបង្កើនបរិមាណនាំចូលផលិតផលគ្រាប់ស្វាយចន្ទី មកទីផ្សារជប៉ុនអោយបានកើនឡើងថែមទៀត៕
ដោយ ៖ សិលា