ព័ត៌មានទាន់ហេតុការណ៍៖

អភិបាល​ខេត្ត​កែប​ បានក្រេីនរំលឹកដល់​មន្ត្រី​ជំនាញ​របស់​ មន្ទីរកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវពង្រឹងសមត្ថភាពខ្លួន ដើម្បីជួយដល់កសិករក្នុងមូលដ្ឋាន

ចែករំលែក៖

     ខេត្តកែប៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺដំពកលើស្បែកគោ និងក្របី នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១នេះ លោក សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប បានក្រើនរំលឹកដល់មន្ត្រីជំនាញ នៃមន្ទីរកសិកម្ម​ រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ពិសេសមន្ត្រីបស្សុព្យាបាល (ពេទ្យសត្វ)​ អោយខិតខំពង្រឹង និងបង្កើនសមត្ថភាពខ្លួន លើការងារអនុវត្តទួនាទីភារកិច្ច និងការងារបច្ចេកទេស​ ដើម្បីជួយជ្រុំជ្រែងដល់វិស័យកសិកម្មក្នុងមូលដ្ឋានអោយបានច្រើនបន្ថែមទៀត តាមរយៈការស្រាវជ្រាវ បច្ចេកទេសថ្មីៗ យកមកចែករំលែក ក៏ដូចជាបណ្តុះបណ្តាល ដល់កសិករ និងអនុវត្តបង្ហាញអោយកសិករចេះដាំដុះ ចិញ្ចឹមសត្វតាមបច្ចេកទេស ធននឹងការប្រែប្រួលអាកាសធាតុ និងត្រូវយកចិត្តទុក្ខដាក់ដល់ការត្រួតពិនិត្យ ផលិតផលពីសាច់សត្វ  ប្រកបដោយគុណភាព ដើម្បីធានាសុវត្ថិភាពដល់ការហូបចុកផងដែរ។ ក្រៅពីនេះ ត្រូវយកចិត្តទុកដាក់បង្កាទប់ស្កាត់ អោយបានដាច់ខាត នូវជំងឺឆ្លងគ្រប់ប្រភេទ ដើម្បីការពារសុវត្ថិភាព សុខភាព សត្វ និងប្រជាជនយើង។  ឯកឧត្តមអភិបាលខេត្តកែប បញ្ជាក់ថា ជំងឺឆ្លងមានច្រើន ប្រភេទណាស់ ដូចជា ជំងឺអាសន្នរោគ ជំងឺសា ជំងឺផ្តាសាយបក្សី ជាដើម សុទ្ធតែជាជំងឺយាយី ឆក់យកជីវិត មនុស្ស និងសត្វចិញ្ចឹមផងដែរ ជាពិសេស ជំងឺដែលពិភពលោក កំពុងមានការព្រួយបារម្ភនោះគឺជំងឺកូវីដ-១៩ ដែលបានឆ្លងរាលដាលជាសាកល និងពុំទាន់មានប្រទេសណាមួយ ប្រកាសថាជំងឺនេះផុតរលត់នោះទេ ដូច្នេះអ្វីដែលយើងអាចធ្វើបាននាពេលនេះ គឺរួមគ្នាទប់ស្កាត់ មិនអោយជំងឺឆ្លងទាំងអស់នេះ ឆ្លងរាលដាលចូលសហគមន៍របស់យើងបាន តាមរយៈការអនុវត្តតាមវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ។ លោកបន្ថែមថា ជំងឺខ្លះ ឆ្លងពី មនុស្ស ទៅសត្វ ពីសត្វទៅមនុស្ស ពីមនុស្សទៅមនុស្ស និងពីសត្វទៅសត្វ ដែលទាំងនេះទាមទារអោយ មន្ត្រីជំនាញរបស់យើង មិនថាមន្ត្រីសុខាភិបាល ឬបសុពេទ្យឡើយ ត្រូវបង្កើនការខិតខំ អប់រំ ផ្សព្វផ្សាយ ប្រជាពលរដ្ឋយើង អោយដឹងពីវិធីសាស្ត្រនៃការការពារ បង្ការទប់ស្កាត់ ពីការឆ្លងជំងឺគ្រប់ប្រភេទ និងគ្រប់រដូវកាល ។ ក្នុងឱកនោះ លោកអភិបាលខេត្ត លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមចូលរួមយកគោ ក្របីទាំងអស់ មកចាក់វ៉ាក់សាំងអោយបានគ្រប់គ្នាៗ និងសូមអោយមន្ត្រីបសុពេទ្យ ពន្លឿនការចុះចាក់វ៉ាក់សាំងនេះ ឱ្យបានដល់ គ្រប់ភូមិទាំងអស់ទូទាំងខេត្ត ដើម្បីបង្កាជំងឺដំពកលើស្បែក គោនិងក្របី របស់បងប្អូនអោយទាន់ពេលវេលា ព្រោះជំងឺនេះ ក៏កំពុងតែកើតមាននៅខេត្ត មួយចំនួន ក្នងប្រទេសរបស់យើងហើយ ។ 

  បើតាមរបាយការណ៍របស់លោក ថឹង បូរិន ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទខេត្ត  បញ្ជាក់ថា ទូទាំងខេត្តមានមន្ត្រីបសុព្យាបាលចំនួន៨រូប  និងភ្នាក់ងារសុខភាពសត្វ ១៧រូប នៅគ្រប់ភូមិទូទាំងខេត្ត ដែលជាវិស័យឯកជនស្មគ្រចិត្ត ទទួលបានការ បណ្តុះបណ្តាលបច្ចេកទេសផលិតកម្ម និងបសុព្យាបាលពីមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីជូយផ្សព្វផ្សាយបច្ចេកទេសចិញ្ចឹម និងផ្តល់សេវាព្យាបាលដល់ប្រជាកសិករយើង។ ក្នុងរបាយការណ៍ លោកប្រធានមន្ទីរបង្ហាញថា ទូទាំងខេត្តកែប មាន គោសរុប ១៥៦០៩ក្បាល ក្របី ៨៣០ក្បាល សេះ១៥ក្បាល ជ្រូក៤៣៤៦ និងបក្សី ជាង១០ម៉ឺនក្បាល។ ហើយក្នុងឆ្នាំ២០២១នេះ មានគោ និងក្របីរបស់ប្រជាពលរដ្ឋចំនួន ៨២ក្បាលបានឈឺ និងងាប់ចំនួន៤ក្បាល៕

ដោយ ៖ សិលា


ចែករំលែក៖