ខេត្តប៉ៃលិន៖ បុរសវ័យ ៥៥ឆ្នាំម្នាក់ខណៈចេញពីផឹកស៊ី ត្រូវជនម្នាក់វាយក្បាលពីក្រោយធ្ងន់ធ្ងរបណ្តាលឲ្យធ្លាក់ស្ពាន-លូ រងរបួសធ្ងន់ក្រោយមកស្លាប់នៅកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ១០និង១០នាទីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រោមស្ពានលូដីចម្ការរបស់លោក សោម ប៉ិម ស្នងការរងនគរបាលខេត្តប៉ៃលិន ក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
បើតាមអ្នកភូមិនៅជិតនោះបានឲ្យដឹងថា÷ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ រងរបួសយ៉ាងដំណំត្រង់ក្បាលខាងក្រោយ។
ក្រោយអំពើឃាតកម្ម ភ្លាមៗសមត្ថកិច្ចបានកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធម្នាក់ ហើយនាំខ្លួនមកសាកសួរនៅការិយាល័យជំនាញ។
អ្នកស្រី សំ អឿន ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា÷ មុនពេលកើតហេតុ ស្នងការរងខេត្តប៉ៃលិនម្នាក់ លោក សោម ប៉ិម បានទូរស័ព្ទហៅប្តីរបស់គាត់ទៅផឹកស៊ីជាមួយនៅចម្ការរបស់គាត់ ដែលនៅក្បែរគ្នា ការប្រមូលផ្តុំគ្នាផឹកស៊ីនេះ បានបន្តជួបជុំរហូតដល់វេលាម៉ោងប្រមាណ ១០យប់ ទើបលោកស្នងការទូរស័ព្ទប្រាប់គាត់(ជាប្រពន្ធ)ថា ឲ្យមកទទួលប្តីផង ព្រោះគាត់ហាក់បីមិនសូវស្រួលខ្លួន លឺដូច្នេះ អ្នកស្រីមានអារម្មណ៍តក់ស្លុតជាខ្លាំង ហើយបានរូតរះ ដើម្បីទៅទទួលប្តីដែលទើបទទួលដំណឹងថាមានបញ្ហាសុខភាពមិនអំណោយផល លុះដើរផង រត់ផងជិតដល់ដីចម្ការទីកន្លែងផឹកស៊ីនោះ គាត់បានលឺសំឡេងប្តីរបស់គាត់ស្រែកដង្ហៅរកគេឯងឲ្យជួយ ប៉ុន្តែពេលគាត់ទៅដល់មុខដីចម្ការបស់លោកស្នងការរងបានឃើញប្តីគាត់ដេកដួលធន់ធ្ងរនៅក្នុងថ្លុកឈាមលើស្ពានថ្មស្លាប់បាត់ទៅហើយ ។
ស្ត្រីជាប្រពន្ធជនរងគ្រោះខាងលើ បានទទួចសំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចជួយរកយុត្តិធម៌ជូនប្តីរបស់គាត់ផង ខណ:លោកស្នងការរងនគរបាលខេត្តប៉ៃលិន ទូរស័ព្ទ ហៅទៅផឹកស៊ីទាំងស្ថានភាពជំងឺកូវីដ-១៩ ទុកឱ្យគាត់រស់នៅស្ថិតក្នុងភាពមេម៉ាយរស់នៅជាមួយនឹងកូនៗចំនួន ០៤នាក់ក្នុងបន្ទុកគ្រួសារ៕
ដោយ៖ ស សារ៉េត