រដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់ បានព្រមានថា កូវីដ-១៩កំពុងក្លាយទៅជាជំងឺរាតត្បាតទ្រង់ទ្រាយធំសម្រាប់ពលរដ្ឋដែលមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយសារតែអ្នកជំងឺធ្ងន់ដល់ទៅ ៩០% គឺមិនទាន់ចាក់វ៉ាក់សាំងនៅឡើយ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននាថ្ងៃទី៣ខែកញ្ញា រដ្ឋមន្ត្រីក្រសួងសុខាភិបាល Jens Spahn បានឱ្យដឹងថា អ្នកមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ គឺត្រូវទទួលខុសត្រូវជាមួយពលរដ្ឋផ្សេងទៀត រួមទាំងកុមារក្រោមអាយុ១២ឆ្នាំ ដែលមិនទាន់ចាក់វ៉ាក់សាំង។ ការលើកឡើងខាងលើរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្រោយពេលមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ទៅលើពលរដ្ឋដែលមិនចាក់វ៉ាក់សាំង ។
តាមរដ្ឋមន្ត្រី Jens Spahn បានបញ្ជាក់ថា វីរុសកូវីដ-១៩នឹងឆ្លងខ្ពស់ទៅលើអ្នកមិនទាន់ចាក់វ៉ាក់សាំងនៅពេលខាងមុខ ។ លោកបានអំពាវនាវដល់អ្នកដែលស្ទាក់ស្ទើរមិនទាន់ចាក់វ៉ាក់សាំងប្រញាប់ទៅចាក់វ៉ាក់សាំងឱ្យបានលឿនបំផុតដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។
លោក Jens Spahnបន្តទៀតថា «នៅពេលនេះ ជំងឺរាត្បាតទៅលើពលរដ្ឋដែលមិនចាក់វ៉ាក់សាំង ហើយក្រុមមនុស្សទាំងនោះគឺត្រូវប្រឈមហានិភ័យខ្ពស់ ដោយអ្នកជំងឺធ្ងន់ដល់ទៅ ៩០%បានកើតទៅលើពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង»។ លោកបញ្ជាក់ទៀតថា ប្រសិនបើមិនមានវីរុសកូវីដ-១៩ បំប្លែងថ្មីកើតឡើង អាល្លឺម៉ង់នឹងអស់កូវីដ-១៩ ក្នុងសង្គមហើយ។
មកទល់ពេលនេះ អាល្លឺម៉ង់មានពលរដ្ឋ៦៥,៦% បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩យ៉ាងតិចមួយដូស ។ ចំនួននេះស្មើនឹងប្រទេសមួយចំនួនទៀតនៅអឺរ៉ុប ដូចជា អង់គ្លេសនិងបារាំងជាដើម ៕
ដោយ៖ ធីរីណា(រូបថត៖ AFP+Reuters )