រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងមូស្គូអាចនឹង
ទទួលស្គាល់ក្រុមតាលីបង់ជាក្រុមស្របច្បាប់ក្នុងការដឹកនាំប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែរដ្ឋាភិបាលនោះគឺត្រូវតែជារដ្ឋាភិបាលចម្រុះ មានក្រុមអ្នកនយោបាយដែលមិនមែនជាសមាជិកក្រុមតាលីបង់។
សារព័ត៌មាន RTនៅថ្ងៃទី៣ខែកញ្ញា បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីដែលបានបញ្ជាក់ថា រុស្ស៊ីអាចនឹងទទួលស្គាល់រដ្ឋាភិបាលតាលីបង់ជារដ្ឋាភិបាលស្របច្បាប់ ប៉ុន្តែត្រូវតែជារដ្ឋាភិបាលចម្រុះ។
ជាក់ស្តែង អ្នកនាំពាក្យក្រសួងការបរទេសរុស្សុី លោកស្រី Maria Zakharova បាននិយាយថា ទីក្រុងមូស្គូ គាំទ្រការបង្កើតរដ្ឋាភិបាលសាមគ្គីនៅអាហ្វហ្គានីស្ថាន ដោយមានការចូលរួមពីក្រុមប្រឆាំង ពលរដ្ឋរួមទាំងក្រុមជនជាតិភាគតិចផងដែរ។ លោកស្រីបន្តទៀតថា រុស្ស៊ីតែងតែគាំទ្រដល់ឯករាជ្យភាពរបស់អាហ្វហ្គានីស្ថាន នឹងចង់ឲ្យប្រទេសនេះក្លាយទៅជាប្រទេសសម្បូរសប្បាយ មិនមានអំពើហិង្សា។
ក្រៅពីរុស្ស៊ី ប្រទេសលោកខាងលិច ក៏បានប្រកាសផងដែរថា អាចនឹងទទួលស្គាល់ក្រុមតាលីបង់គឺជាក្រុមស្របច្បាប់ក្នុងការដឹកនាំប្រទេស ប្រសិនបើក្រុមនេះធានាពីការគោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រ ក៏ដូចជាមិនលាក់បាំងក្រុមភេរវកម្ម ដែលអាចគំរាមកំហែងដល់បណ្តាប្រទេសលោកខាងលិច៕
រូបថត៖ SPUTNIK
ដោយ៖ធីរីណា(រូបថត៖ REUTERS)