ព័ត៌មានទាន់ហេតុការណ៍៖

លោក​ ហ៊ុន​ ម៉ានី​៖​ ចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះគ្រោះមហន្តរាយធម្មជាតិ ដែលបានបណ្តាលមកពីព្យុះត្រូពិកអៃដា (Ida)

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅព្រឹក​ថ្ងៃ​សៅរ៍​ទី​០៤ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានបញ្ជាក់​នៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​យ៉ាង​ដូច្នេះ​​ថា៖​ “ខ្ញុំសូមចូលរួមសោកស្តាយជាមួយប្រជាពលរដ្ឋ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះគ្រោះមហន្តរាយធម្មជាតិ ដែលបានបណ្តាលមកពីព្យុះត្រូពិក អៃដា (Ida)។ ជាមួយគ្នានេះផងដែរ ខ្ញុំក៏សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិ និងក៏សូមបួងសួងឱ្យបេសកកម្មសង្រ្គោះទទួលបានជោគជ័យបានកាន់តែឆាប់”។

Our thoughts and prayers are with the families of those who have lost their life in the Hurricane Ida.

#hurricaneida #prayforamerica.

គួរជម្រាបដែរថា​ កាលពីថ្ងៃសុក្រទី០៣ ម្សិលមិញ​នេះ​​ បើតាមការចេញផ្សាយ ដោយសារព័ត៌មាន ABC News បាននិយាយថា​ រដ្ឋនៅតាមបណ្តោយឆ្នេរភាគខាងកើតនៃសហរដ្ឋអាមេរិក បានទទួលរងឥទ្ធិពលពីកន្ទុយព្យុះហឺរីខិន អាយដា (Ida) យ៉ាងដំណំ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់យ៉ាងគំហុកបំផុត មិនធ្លាប់មានពីមុនមក ជាពិសេសនៅរដ្ឋញូយ៉ក និងញូជឺស៊ី។

បើតាមអាជ្ញាធរអាមេរិក មនុស្សយ៉ាងហោចណាស់ ៤៦នាក់ហើយបានបាត់បង់ជីវិត ដោយសារតែឥទ្ធិពលបន្សល់ទុកពីព្យុះហឺរីខិន Ida។ ជនរងគ្រោះទាំងអស់ សុទ្ធតែបានស្លាប់ដោយសារតែ ការលង់ទឹកនៅតាមផ្ទះ និងក្នុងរថយន្ត ខណៈទឹកជំនន់បានកើនឡើងយ៉ាងលឿនរហ័សពេក ទាំងនៅក្នុងរដ្ឋ ញូយ៉ក, ម៉ារីលែន, ញូជឺស៊ី, ភែនស៊ីលវេនៀ និង ខុនណិចធីខាត់ ផងដែរ។

អាជ្ញាធរអាមេរិកបានបញ្ជាក់ទៀតថា តំបន់ដែលមានមនុស្សស្លាប់ច្រើនជាងគេ ដោយសារតែទឹកជំនន់កម្រកើតមានបំផុត នៅក្នុងប្រវត្តិសាស្ត្រនោះ គឺនៅរដ្ឋ ញូជឺស៊ី ចំនួន ២៣នាក់ និងទីក្រុងញូយ៉កចំនួន ១៣នាក់។ ដោយឡែកនៅរដ្ឋ ភែនស៊ីលវេនៀ វិញមានមនុស្ស ០៥នាក់បាត់បង់ជីវិត។

គួរបញ្ជាក់ថា នៅមុនគ្រោះធម្មជាតិដ៏អាក្រក់នេះកើតឡើង អាជ្ញាធរទីក្រុងញូយ៉កបានចេញការប្រកាសអាសន្នកាលពីថ្ងៃពុធ គឺតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលភ្លៀងធ្លាក់យ៉ាងគំហុក បង្កជាគ្រោះទឹកជំនន់កើតឡើង។ ទឹកជំនន់បានវាយលុកខ្លាំងនៅតំបន់ខាងលើនេះ ចាប់តាំងពីយប់ថ្ងៃពុធ រហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅភាគខាងកើតសហរដ្ឋអាមេរិក)៕

ដោយ​៖ស​ តារា​


ចែករំលែក៖