ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានទទួលពលរដ្ឋខ្មែរ ០៣នាក់ ពីប្រទេសវៀតណាម

ចែករំលែក៖

ខេត្ត​ស្វាយរៀង៖ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ នៃក្រសួងមហាផ្ទៃ​ បានឱ្យដឹងនៅរសៀលថ្ងៃសៅរ៍ ១២រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៣និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសហការជាមួយស្ថាប័នចត្តាឡីស័ក និងសម្របសម្រួលជាមួយស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ធ្វេីការទទួលពលរដ្ឋខ្មែរចំនួន ០៣នាក់ ក្នុង​នោះ​ស្រី ០២នាក់ ដែលបានអនុវត្តទោសរួចរាល់ ពីប្រទេសវៀតណាម។

ប្រភពដដែលបន្តថា​ ដោយអនុវត្តតាមសេចក្តីណែនាំ របស់អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ក្រុមការងារបានធ្វើតេស្តរហ័ស ជាលទ្ធផល (អវិជ្ជមាន) និងបន្តធ្វើចត្តាឡីស័កពលរដ្ឋខ្មែរខាងលើ នៅផ្ទះសំណាក់ ប៉ាងសំអុល ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង តាមវិធានការរបស់អនុគណៈកម្មការ។ 

គួរបញ្ជាក់ថា​ នៅព្រឹក​ថ្ងៃសៅរ៍​នេះ​ដែរ​ ក្រសួងសុខាភិបាលកម្ពុជា​ បានប្រកាសរកឃេីញមានករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៤២២នាក់ អ្នកជាសះស្បើយចំនួន ៣៧៦នាក់ និងអ្នកស្លាប់ចំនួន ១៣នាក់ គឺជាអ្នកពាក់ព័ន្ធទៅព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ និង១៣៨នាក់ទៀតជាអ្នកដំណើរមកពីបរទេស។

ដោយ​ឡែក​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល​ គិតត្រឹម​ព្រឹក​ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១នេះថា អ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៩៤,៨៣៩នាក់, អ្នកព្យាបាលជាសះស្បើយ សរុបចំនួន ៩០,២៧៣នាក់ និងអ្នកស្លាប់ សរុបចំនួន ១,៩៥០នាក់៕

ដោយ៖សហការី​


ចែករំលែក៖