ព័ត៌មានទាន់ហេតុការណ៍៖

នូវែលហ្សេឡង់៖ ក្រោយការវាយប្រហារដោយកាំបិត ផ្សារទំនើបទាំងអស់លែងមានលក់កាំបិតហើយ

ចែករំលែក៖

នៅថ្ងៃទី៤ខែកញ្ញា ក្រុមហ៊ុនផ្សារទំនើប Countdown នៅប្រទេសនូវែលហ្សេឡង់បានប្រកាសថា នឹងមិនដាក់លក់កាំបិត កន្ត្រៃនៅក្នុងផ្សារទំនើបនោះឡើយ ក្រោយពេលដែលរងការវាយប្រហារដោយកាំបិតនៅក្នុងផ្សារទំនើបរបស់ក្រុមហ៊ុន។
នៅក្នុងសេចក្តីប្រកាសដែលបានផ្សព្វផ្សាយនោះ អគ្គនាយកទទួលបន្ទុកសុវត្ថិភាពរបស់ក្រុមហ៊ុន Countdown លោកស្រី Kiri Hannifin បានឱ្យដឹងថា «កាលពីយប់មិញយើងបានសម្រេចឈប់លក់កាំបិតគ្រប់ប្រភេទដាក់នៅក្នុងផ្សារទំនើប។
លោកស្រីបញ្ជាក់ថា ការសម្រេចខាងលើ គឺដើម្បីជួយដល់ក្រុមបុគ្គលិកនិងអតិថជននៅក្នុងផ្សារ មានសុវត្ថិភាព។ ជាមួយគ្នានេះដែរនៅផ្សារទំនើបផ្សេងៗទៀតក៏បានសម្រេចផ្អាកលក់កាំបិត វត្ថុដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សដែរ ។
កាលពីថ្ងៃទី៣ខែកញ្ញា ប៉ូលិសទីក្រុង Auckland បានសម្រេច បាញ់ប្រហារសម្លាប់ជនដៃដល់ប្រើកាំបិតវាយប្រហារនៅក្នុងផ្សារទំនើប New Lynn បណ្តាលឲ្យមនុស្ស ៧នាក់រងរបួស។ កម្លាំងប៉ូលិសបានឱ្យដឹងថា ជនដៃដល់ជាបុរស ជនជាតិស្រីលង្កា។
នៅថ្ងៃទី៤ខែកញ្ញា នាយករដ្ឋមន្ត្រី នូវែលហ្សេឡង់ លោកស្រី Jacinda Ardern បានឱ្យដឹងថា ជនរងគ្រោះ៣នាក់ក្នុងចំណោម ៧នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់កំពុងសង្គ្រោះបន្ទាន់។
នាយករដ្ឋមន្ត្រី Jacinda Ardern បានបញ្ជាក់ទៀតថា ជនដៃដល់ គឺជាបុគ្គលដែលកម្លាំងប៉ូលិសបានតាមដានតាំងពីឆ្នាំ២០១៦មក ដោយសារតែបានគាំទ្រទស្សនៈភេរវកម្ម នៃរដ្ឋអ៊ិស្លាម IS ។ កាលពីខែឧសភាឆ្នាំ២០២១ ក៏មានករណីវាយប្រហារដោយកាំបិតនៅក្នុងផ្សារទំនើប នៅតំបន់ Dunedin បណ្តាលឲ្យមនុស្ស ៤នាក់រងរបួស ផងដែរ៕ដោយ៖ធីរីណា

រូបថត៖ THX/VNA

ប្រភព៖ Rappler


ចែករំលែក៖