ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀនត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួន

ចែករំលែក៖

   ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីប្រើប្រាស់និងជួញដូរគ្រឿងញៀន ត្រូវបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តនៅថ្ងៃទី៥ ខែកញ្ញាឆ្នាំ ២០២១។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ដឹកនាំកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍ផ្សារកណ្តាលបានល្បាតទៅដល់ចំណុចបន្ទប់ជួលរោងចក្រអូរនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានឃើញជនសង្ស័យចំនួន៣នាក់។ 

  ១/ឈ្មោះ ភាព សូផាវ៉ាន់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិអូរ ឃុំពេជ្រយាដារ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរ មិនប្រាកដ។ ២/ឈ្មោះ ស៊ី តូច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត  មុខរបរមិនពិតប្រាកដ។

៣/ឈ្មោះ ចោម សុឃា ភេទស្រី អាយុ ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួលរោងចក្រ ភូមិអូរឬស្សី សង្កាត់ ផ្សារកណ្តាល មុខរបរកម្មកររោងចក្រ។ 

ដោយពួកគេទាំង៣នាក់ កំពុងឈរនៅមុខបន្ទប់ជួល មើលទៅគួរឱ្យសង្ស័យ បានសុំធ្វើការត្រួតពិនិត្យទៅលើពួកគេ ពេលនោះជនសង្ស័យបានយកប្រអប់ដាក់ទូរស័ព្ទបោះចោលទៅព្រៃមុខបន្ទប់ បន្ទាប់មកសមត្ថកិច្ចឆែកក្នុងប្រអប់ឃើញមានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លាចំនួន២កញ្ចប់ ជញ្ជីងថ្លឹងថ្នាំចំនួន១។

 លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើយកទៅសួរនាំ និងរៀបចំសំណុំរឿង នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។

 បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនបន្ត ទៅកាន់ជំនាញនៃស្នងការខេត្ត ដើម្បីបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់៕

ដោយ ៖ វណ្ណា


ចែករំលែក៖