ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរ ៤៨នាក់លបឆ្លងដែនខុសច្បាប់ទៅថៃដើម្បីបេះផ្លែមៀនត្រូវកម្លាំងទាហានឈុតខ្មៅថៃឃាត់ខ្លួន

ចែករំលែក៖

  ក្រុងប៉ោយប៉ែត៖ កម្លាំងទាហានឈុតខ្មៅថៃចាប់ពលករខ្មែរ ៤៨ នាក់ ដែលពួកគេលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃដើម្បីធ្វើកម្មករបេះផ្លែមៀននៅក្នុងខេត្តច័ន្ទបូរីកាលពីវេលាម៉ោង ៤ ទៀបភ្លឺថ្ងៃទី ៤ ខែកញ្ញា ២០២១ម្សិលមិញនេះនៅត្រង់ចំណុចភូមិ៤ក្នុងឃុំខ្លងយ៉ៃស្រុកពោងណាំរ៉ន.ខេត្តច័ន្ទបូរីប្រទេសថៃ។

   សេចក្ដីរាយការណ៍ពីប្រទេសថៃប្រាប់ថា នៅមុនពេលឃាត់ខ្លួនគឺមានពលករខ្មែរចំនួន៤៨នាក់បានលបឆ្លងព្រំដែនចូលទៅក្នុងទឹកដីថៃដោយបាននាំគ្នាដើរកាត់តាមចម្ការ។ ស្របពេលដែលកម្លាំងទាហានឈុតខ្មៅថៃកំពុងល្បាតឃើញសកម្មភាពនេះក៏បានស្ទាក់ចាប់បាន៤៨នាក់ ក្នុងនោះប្រុស១៨និង ស្រីចំនួន ២៣ នាក់និងក្មេងតូច ៗចំនួន៧នាក់ផងដែរ។

   សេចក្ដីរាយការណ៍ប្រាប់ទៀតថាក្រោយឃាត់ខ្លួនពលករខ្មែរបានសមត្ថកិច្ចថៃធ្វើការសួរនាំពួកគាត់បានសារភាពថាទាំងអស់គ្នាមកពីខេត្តប៉ៃលិនដោយចូលតាមច្រករបៀងកាត់ព្រៃដើម្បីទៅធ្វើការនៅក្នុងចម្ការមៀនក្នុងខេត្តច័ន្ទបូរីដោយក្នុងម្នាក់ៗត្រូវចំណាយឱ្យទៅមេខ្យល់ ៥.០០០ បាតតែមិនទាន់ដល់គោលដៅផងត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនតែម្ដង។

ក្រោយពេលឃាត់ខ្លួនក្រុមយោធាថៃបានសង្កេតឃើញថាពួកគាត់គ្មាន.ច្បាប់អនុញ្ញាតត្រឹមត្រូវឡើយទើបយកទៅធ្វើតេស្តនិងត្រួតពិនិត្យសុខភាពរួចបានបញ្ជូនទៅឲ្យភាគីកម្ពុជាវិញដើម្បីធ្វើចត្តាឡីស័ក។

  ចំពោះពលករខាងលើអ្នកសារព័ត៌មានយើងមិនទាន់បានទទួលរបាយការណ៍ពីអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃនៅឡើយ៕

ដោយ ៖ វណ្ណា


ចែករំលែក៖