ព័ត៌មានទាន់ហេតុការណ៍៖

ថាមែនៗ!ប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរីត្រូវបានដកចេញពីតំណែង

ចែករំលែក៖

   ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានប្រតិកម្មក្នុងផេករបស់លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា- ជប៉ុន មង្គលបូរី ត្រូវបានដកចេញពីតំណែង ដាក់ជំនួសដោយលោកវេជ្ជបណ្ឌិត ទុ បារាំងឡើងជាប្រធាន ។

 តាមប្រសាសន៍ របស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យ ដឹងនៅ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០២១ នេះថា ក្នុងករណីខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ជាប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុនមង្គល បូរី ដំណឹងនេះបានដឹងដល់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែរ។

   លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបាន ឲ្យដឹងថា ក្រោយពីមានរឿង ក្នុងករណីខ្វះ ទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រួចមកមន្ទីរសុខាភិបាលខេត្ត បន្ទាយមានជ័យ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាវិន័យហើយបាន បោះស្ទាបស្ទង់មតិផ្គូរផ្គងស្នើសុំជាបេក្ខជនត្រូវធ្វើជាប្រធានថ្មី ក្នុងនោះ មតិភាគច្រើនបានស្នើសុំផ្តល់ទំនុកចិត្តដល់លោក ចក្ខុបណ្ឌិត ទុ បារាំង អនុប្រធានឲ្យឡើងជាប្រធានថ្មី។

 លោកវេជ្ជបណ្ឌិតបន្តថា ឥឡូវរដ្ឋបាលខេត្តបានសម្រេចតែងតាំងលោកចក្ខុបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ប្រធានស្តីទីឬអនុប្រធានក្តាប់រួមអីទេ ។

   សូមបញ្ជាក់ថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិតច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា ជប៉ុនមង្គលបូរីនេះ បានកើតឡើងក្រោយ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទៅបរិច្ចាគឈាមដើម្បីជួយវរសេនីយ៍ទោម្នាក់ជាអង្គរក្សសម្តេចតេជោដែលរលាកខ្នែងពោះវៀនកម្រឹតធ្ងន់ ហើយត្រូវវះកាត់ ប៉ុន្តែក្នុងឃ្លាំងឈាមនៃមន្ទីរពេទ្យ ថាគ្មានឈាម។

 ការបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបន្ទាយមានជ័យបានសរសេរបង្ហោះក្នុងគណនីហ្វេសប៊ុកឯកជននិងផ្លូវការរបស់លោកមាន ខ្លឹមសារថា កាលពីយប់ ម៉ោង១០ និង០៥នាទី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានទៅបរិច្ចាគឈាម ដើម្បីជួយសង្រ្គោះលោកអិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលមានបេសកកម្មនៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ។ស្របពេលនោះ លោកប្រធានមន្ទីរពេទ្យបានប្រាប់ថាជាគោលការណ៍ត្រូវរកអ្នក ឲ្យឈាមជំនួស និងបង់ថ្លៃសេវាជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់ប្រធានមន្ទីរពេទ្យខេត្តខាងលើនេះ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖