ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការងារ​ចល័ត​ក្រសួង​សាធារណការ​ បន្តឃាត់យានយន្តដឹកជញ្ជូនខ្សាច់ធុនធ្ងន់ចំនួន ៦គ្រឿង​ បានផាកពិន័យ និងឃាត់ទុក១ឆ្នាំ នៅមន្ទីរខេត្តរតនគិរី ខណៈ​នៅខេត្ត​កំពង់​ស្ពឺ ឃាត់បាន៥គ្រឿង​ និង១គ្រឿងទៀត អនុវត្ត​តាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃ​អង្គារ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយលោក សេង ឈួន រដ្ឋលេខាធិការ អមដំណើរដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការ ,លោក គឹម សាន់ អនុរដ្ឋលេខាធិការ សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ កាលពីថ្ងៃទី០៦ ខែកញ្ញាម្សិលមិញនេះ​ បានធ្វើការឃាត់ត្រួតពិនិត្យយានយន្តដឹកខ្សាច់ចំនួន ៥គ្រឿង ដែលដឹកលើសចាប់ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

ក្រសួង​សាធារណការ​ បានគូសបញ្ជាក់ថា​ ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង ស្រុកបានលុង ខេត្តរតនគិរី។  

ដោយឡែក យានយន្តដឹកខ្សាច់ធុនធ្ងន់ ផ្ទុកទម្ងន់សរុប ៧០តោន ១គ្រឿងទៀត ដែលផ្ទុកលើស៣០តោន បានធ្វើការផាកពិន័យ និងឃាត់ទុករយៈពេល ១ឆ្នាំនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ 

បន្ថែមពីនេះ​ ក្រសួងសាធារណការ​​ សូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងដោយគ្មានការលើកលែងឡើយ៕

ដោយ​៖សហការី​


ចែករំលែក៖