ព័ត៌មានទាន់ហេតុការណ៍៖

វីរបុរសប្រេស៊ីលលោកតា Pele ចូលពេទ្យវះកាត់យកដុំសាច់ចេញពីពោះវៀនធំ

ចែករំលែក៖

វីរបុរសបាល់ទាត់ប្រេស៊ីលលោក Pele បានវះកាត់យកដុំសាច់ចេញពីពោះវៀនធំរបស់គាត់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោកតាអាយុ៨០ឆ្នាំរូបនេះបានស្ថិតនៅក្នុងមន្ទីរពេទ្យរយៈពេល៦ថ្ងៃ ហើយគាត់បានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃចន្ទដោយនិយាយថា គាត់បានវះកាត់ដើម្បីយកចេញនូវដំបៅគួរឱ្យសង្ស័យកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

ម្ចាស់ជ័យលាភីជួយឲ្យប្រេស៊ីលឈ្នះ World Cup បីដងរូបនេះបាននិយាយថា “សំណាងដែរខ្ញុំធ្លាប់អបអរជ័យជំនះដ៏អស្ចារ្យជាមួយអ្នក។ ខ្ញុំនឹងប្រឈមមុខនឹងការវះកាត់នេះដោយស្នាមញញឹម ដែលខ្ញុំសុទិដ្ឋិនិយមនិងភាពរីករាយជាច្រើនសម្រាប់ការរស់នៅ”។

កាលពី៥ថ្ងៃមុនអតីតខ្សែប្រយុទ្ធក្លិប Santos និងNew York Cosmosបានបដិសេធរបាយការណ៍ថា គាត់បានដួលសន្លប់ និងមានអាការមិនស្រួល។ ឥឡូវនេះគាត់និយាយថា ដុំសាច់នៅពោះវៀនធំខាងស្តាំត្រូវបានរកឃើញនៅក្នុងការធ្វើតេស្តកាលពីសប្តាហ៍មុន។

លោកតា Pele បានបន្ថែមថា “អរគុណព្រះដែលមានអារម្មណ៍ល្អ និងអនុញ្ញាតឱ្យវេជ្ជបណ្ឌិត Fabio និងវេជ្ជបណ្ឌិត Miguel ថែរក្សាសុខភាពខ្ញុំ” ។

នៅខែកុម្ភៈ ឆ្នាំ២០២០ កូនប្រុសរបស់លោកតា ប៉េឡេ អតីតអ្នកចាំទី Edinho បាននិយាយថា ឪពុករបស់គាត់មានការខ្មាស់អៀនក្នុងការចាកចេញពីផ្ទះ ព្រោះគាត់មិនអាចដើរបានដោយគ្មានជំនួយ។ សុខភាពរបស់គាត់មានការព្រួយបារម្ភក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយគាត់បានវះកាត់ក្រពេញប្រូស្តាតកាលពីឆ្នាំ២០១៥ បន្ទាប់ពីគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យជាលើកទី២ក្នុងរយៈពេល៦ ខែ។ ជាងនេះទៅទៀតគាត់ត្រូវបានគ្រូពេទ្យរកឃើញថាមានជំងឺទឹកនោមផ្អែមនៅឆ្នាំ២០១៩ផងដែរ ។

គួរបញ្ជាក់ថា ប៉េឡេគឺជាអ្នករកគ្រាប់បាល់នាំមុខគេរបស់ប្រេស៊ីល និងជាកីឡាករម្នាក់ក្នុងចំណោមកីឡាករតែ៤នាក់ប៉ុណ្ណោះដែលបានស៊ុតបញ្ចូលទីនៅក្នុងការប្រកួតបាល់ទាត់ពិភពលោកចំនួន៤ផ្សេងៗគ្នា។ យោងតាមសៀវភៅកំណត់ត្រាពិភពហ្គីនណេស លោកប៉េឡេបានស៊ុតបញ្ចូលទីចំនួន១.២៧៩គ្រាប់ក្នុងការបង្ហាញមុខចំនួន១.៣៦៣ដងក្នុងអាជីពរបស់គាត់រួមទាំង៧៧គ្រាប់ក្នុងការប្រកួតអន្តរជាតិចំនួន៩១ ប្រកួតសម្រាប់ជម្រើសជាតិប្រេស៊ីល ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖