ភ្នំពេញ៖ បើយោងតាមគេហទំព័ររបស់ក្រសួង ឬបណ្ដាញសង្គម (Facebook របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍) បានបញ្ជាក់អោយដឹងថា, ៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ក្នុងគោលបំណងរួមគ្នា:
១. ដើម្បីអភិវឌ្ឍសមត្ថភាពបុគ្គលិក
២. ដើម្បីចែករំលែកបទពិសោធន៍អំពីការស្រាវជ្រាវអនុវត្តន៍
៣. ដើម្បីលើកតម្កើងគុណតម្លៃនៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលអាចធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។
លោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី និងអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបញ្ជាក់អំពីការគាំទ្រយ៉ាងពេញលេញ និងទឹកចិត្តរីករាយ ចំពោះអនុស្សរណៈនៃការយោគយល់គ្នានេះ ហើយបានណែនាំឲ្យស្ថាប័នទាំងពីរ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកតម្កើងគុណតម្លៃ នៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលធានាសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០៕
ដោយ ៖ សិលា