ព័ត៌មានទាន់ហេតុការណ៍៖

ទោះជានឿយហត់យ៉ាងណាក៏ដោយក៏លោកស្នងការខេត្តឧត្តរមានជ័យឆ្លៀតផ្តល់អំណោយដល់កងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្ថានភាពកូវីដ-១៩ដែរ

ចែករំលែក៖

     ខេត្តឧត្តរមានជ័យ៖ តំណាងលោកឧត្តមសេនីយ៍ទោ ហួត សុធី បាននាំយកអង្ករចំនួន១០តោន ទៅចែកជូនដល់គ្រួសារនគរបាលការពារព្រំដែនគោកលេខ៧០២ និងលេខ៩០៥ដែលកំពុងបំពេញការងារនៅតាមបន្ទាត់ព្រំដែនខេត្តឧត្តរមានជ័យនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តបានចាត់ឲ្យលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០២ និងលេខ៩០៥ នាំយកអង្ករចំនួន១០តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ ចែកជូនដល់គ្រួសាររបស់កងកម្លាំងនគរបាលនៃវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ សរុបមានចំនួន ២០០គ្រួសារ ដោយក្នុង១គ្រួសារៗទទួលបានអង្ករចំនួន៥០គីឡូក្រាម ។

  ក្នុងឱកាសនោះដែរ លោកមេបញ្ជាការវរសេនាតូចទាំង២ ក៏បានធ្វើការសំណេះសំណាល និងពាំនាំនូវមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍អគ្គស្នងការរង និងលោកស្នងការនគរបាលខេត្ត ដល់ក្រុមគ្រួសាររបស់កងកម្លាំង និងសូមឲ្យបងប្អូនទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ដោយស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានរបស់ក្រសួងសុខាភិបាល និង៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល។ 

សូមក្រើនរំលឹកផងដែរចំពោះកងកម្លាំងតាមព្រំដែនមេត្តាថែរក្សាសុខភាពឱ្យបានល្អ ស្របពេលក្នុង១សប្តាហ៍នេះ មានបាតុភូត ភ្លៀង ផ្គរ រន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ជាមួយនឹងជំនន់ទឹកភ្លៀងផងដែរ ដល់១១រាជធានី-ខេត្ត ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ ៕

                                     

ដោយ ៖ សិលា


ចែករំលែក៖