រាជធានីបាងកក ក៏ដូចជាទីក្រុងឈៀងម៉ៃ និងតំបន់ទេសចរណ៍ ល្បីៗជាច្រើនផ្សេងទៀតនៅក្នុងប្រទេសថៃ ដែលមានពលរដ្ឋចាក់វ៉ាក់សាំងបានច្រើន នឹងបើកទ្វារទទួលអ្នកទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់នៅខែតុលាឆ្នាំ២០២១នេះ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិដំណើរការល្អឡើងវិញ។
សារព័ត៌មាន Bloomberg នៅថ្ងៃទី៨ខែកញ្ញាបានផ្សាយថា ទីក្រុងបាងកក ឈៀងមៃ និងតំបន់រមណីយដ្ឋានជាច្រើនទៀត ដូចជា ឆ្នេរសមុទ្រប៉ាទីយ៉ា ចាអាំ និងហួហុីន (Pattaya, Cha-Am ,Hua Hin) នឹងបើកទ្វារស្វាគមន៍អ្នកទេសចរបរទេសចាប់ពីថ្ងៃទី ១ខែតុលាតទៅ ។
មន្ត្រីក្រសួងទេសចរណ៍ថៃ បានឱ្យដឹងថា អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងគ្រប់គ្រាន់អាចចូលមកកាន់ប្រទេសថៃបានដូចដែលបានធ្វើឡើងនៅកោះភូកេត។
តំបន់ទេសចរណ៍ផ្សេងទៀត ដូចជា Chiang Rai, Koh Chang និង Koh Kood នឹងបើកទ្វារទទួលទេសចរនៅពាក់កណ្តាលខែតុលា។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃក៏បានឡើងគម្រោងពង្រីកវិស័យទេសចរណ៍ដែលមានស្រាប់ក្នុងតំបន់នាឆ្នាំ២០២២។ការបើកទ្វារវិស័យទេសចរណ៍ គឺជាគម្រោង រស់នៅជាមួយកូវីដ-១៩ របស់រដ្ឋាភិបាលថៃ ។
ករណីឆ្លងកូវីដ-១៩ នៅក្នុងប្រទេសថៃបានថយចុះ ពីមួយថ្ងៃទៅមួយថ្ងៃ ដោយបច្ចុប្បន្នថៃរកឃើញករណីឆ្លងកូវីដ-១៩ថ្មីៗចំនួន១៣,៨២១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗនេះមានចំនួន ១៣,៣០៣ករណី ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ ក៏មានអ្នកជំងឺចំនួន ២៤១នាក់ស្លាប់បន្ថែមទៀតផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា៕ដោយ៖ធីរីណា
រូបថត៖ AFP / VNA
រូបថត៖ ហ្គេតធី