ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខណ្ឌចំការមនលើកឡើងថា ក្នុងពេលដែលយើងបើកដំណើរការសាលារៀនឡើងវិញនាពេលខាងមុខនឹងដាក់ឲ្យមានក្រុមគ្រូពេទ្យប្រចាំការនៅសាលារៀនផងដែរ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសចុះសម្អាតអនាម័យបរិស្ថាន និងបាញ់ថ្នាំសម្លាប់មេរោគនៅវិទ្យាល័យទួលទំពូងកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ត្រីនៃរដ្ឋបាលខណ្ឌ-សង្កាត់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅវិទ្យាល័យទួលទំពូងផងនោះ លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានលើកឡើងថា នឹងដាក់ឲ្យមានក្រុមគ្រូពេទ្យប្រចាំការនៅសាលារៀនផងដែរ ខណៈដែលវិទ្យាល័យទួលទំពូង ត្រៀមនឹងបើកសាលាឡើងវិញនាពេលខាងមុខនេះ តែការបើកឡើងវិញនេះគឺសម្រាប់តែសិស្សថ្នាក់ទី៩ និងទី១២ ប៉ុណ្ណោះ ព្រោះថាសិស្សថ្នាក់ទី៩និងទី១២ នឹងត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិនៅក្នុងខែវិច្ឆិកា និងខែធ្នូ ចុងឆ្នាំ ២០២១នេះ ។ 

  លោកអភិបាលខណ្ឌបានបន្តថា ដោយអនុវត្តតាមការណែនាំ ក៏ដូចជាបទបញ្ជារបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការបោសសម្អាតសាលារៀននៅក្នុងមូលដ្ឋានរបស់ខ្លួនដើម្បីត្រៀមបើកសាលាឱ្យសិស្សបានចូលរៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបអាជ្ញាធរខណ្ឌបានដឹកនាំកម្លាំងចម្រុះខណ្ឌចំការមន និងសង្កាត់សហការជាមួយនឹងលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទួលទំពូងចុះសម្អាតបរិស្ថាន ក្នុងសាលាជាមួយនឹងការបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីត្រៀមបើកដំណើរការសាលារៀនឡើងវិញ ក្រោយពេលមានការពិនិត្យវាយតម្លៃរួចរាល់ ។

   លោក ថេង សុថុល បានបញ្ជាក់ថា ការធ្វើអនាម័យនៅពេលនេះគឺដើម្បីប្រាកដថា ទីតាំងសាលាទាំងមូលមានអនាម័យ និងមិនឱ្យសិស្ស ក៏ដូចជាអាណាព្យាបាល មានការព្រួយបារម្ភនៅពេលត្រឡប់ចូលសិក្សាវិញ។

   លោកអភិបាលខណ្ឌឆ្លៀតយកឱកាសនេះអរគុណចំពោះការចូលរួមរបស់លោកគ្រូអ្នកគ្រូ ក្នុងការអនុវត្តវិធានការ ៣ការពារ និង៣កុំ និងអរគុណចំពោះមន្ត្រីរាជការរដ្ឋបាលខណ្ឌចំការមន និងសង្កាត់ ដែលតែងតែរួមគ្នាដោះស្រាយតាមរកមុខសញ្ញាជំងឺកូវីដ-១៩ ដោយបានទប់ស្កាត់ទាន់ពេលវេលា ព្រោះក្រោយពេលមានព័ត៌មានថា នៅទីណាដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ គឺក្រុមការងារយើងបានទៅដល់ភ្លាម ដើម្បីអនុវត្តវិធានការចត្តាឡីស័ក និងស្វែងរកអ្នកពាក់ព័ន្ធភ្លាមៗ ដោយមិនឱ្យឆ្លងរាលដាលទៅកន្លែងផ្សេងនោះទេ ។ 

   លោកនាយកវិទ្យាល័យទួលទំពូងបានឱ្យដឹងដែរថា សិស្សានុសិស្សនៃវិទ្យាល័យទួលទំពូងប្រមាណជា ៩៨%ហើយបានទទួលនូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខណៈសិស្សដែលមិនបានចាក់វ៉ាក់សាំងនោះ គឺពួកគាត់មានជំងឺប្រចាំកាយ ។ លោកបានលើកឡើងថា ក្រោយពីផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សាលារៀននៅទូទាំងប្រទេស ក៏ដូចជាវិទ្យាល័យទួលទំពូងបានបិទជាបណ្ដោះអាសន្ន ដោយបានឱ្យសិស្សានុសិស្សទាំងអស់ រៀនតាមប្រព័ន្ធអនឡាញ ។

តែយ៉ាងណា លោកនាយកបានបញ្ជាក់ថា ការរៀនតាម Online របស់សិស្សានុសិស្ស គឺទទួលបានការបង្រៀនយ៉ាងយកចិត្តទុកដាក់ពីលោកគ្រូអ្នកគ្រូនៃវិទ្យាល័យទួលទំពូង និងមានការសហការល្អផងដែរពីមាតាបិតារបស់សិស្សានុសិស្សផ្ទាល់ ។

   សូមរំលឹកថា យោងតាមសារជាសំឡេង នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ធ្វើការពិភាក្សាជាមួយលោក លោកស្រីអភិបាលខេត្ត-រាជធានី ដើម្បីកំណត់បើកទីតាំងសាលារៀននៅតាមទីតាំងមួយចំនួនដែលពុំមានជំងឺឆ្លងកើតឡើង ។ សម្ដេចមានប្រសាសន៍ថា យើងត្រូវអនុវត្តដោយភាពឈ្លាសវៃ និងបត់បែន ទន់ភ្លន់ និងគ្រប់គ្រងសភាពការណ៍ឲ្យបាន ដើម្បីយើងពន្លឿនទៅដល់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ដោយកន្លែងណាមានលទ្ធភាពបើកបានគឺបើក កន្លែងណាដែលពុំមានលទ្ធភាពបើក គឺយើងឱ្យរៀនពីចម្ងាយ កន្លែងណាមានលទ្ធភាពអាចបើក ហើយមានការរៀនបែបចម្រុះ ដោយមានការរៀនដោយផ្ទាល់ និងរៀនពីចម្ងាយ សូមពិនិត្យ ហើយបើមិនដូច្នេះទេ យើងនឹងឋិតនៅក្នុងស្ថានភាពបាត់បង់ឱកាសសម្រាប់កុមារ យុវវ័យ និងយុវជនរបស់យើង ៕

ដោយ ៖ ជីណា


ចែករំលែក៖