ភ្នំពេញ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃពុធ ២កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិគ្រោះយោបល់ លើសេចក្តីព្រាង ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ផ្នែកចំណុះ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ផ្លូវគោក ទឹក និងអាកាស។
កិច្ចប្រជុំនេះបានធ្វើឡើងនៅឯអគារ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ អគ្គនាយករងអន្តោប្រវេសន៍ ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា កន្លងមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ធ្លាប់មានបទដ្ឋានកំណត់តួនាទី ភារកិច្ច របស់ការិយាល័យ និងផ្នែកចំណុះនាយកដ្ឋានរួចហើយ ក៏ប៉ន្តែតួនាទី ភារកិច្ច សម្រាប់កំណត់ទៅដល់ប៉ុស្តិ៍ច្រកទ្វារនីមួយៗ នៅមិនទាន់មាននៅឡើយទេ ។
នាយឧត្តមសេនីយ៍ បានបន្តថា ហេតុដូច្នេះបានត្រូវបង្កើតឲ្យមានសេចក្តីសម្រេចស្តីពី តួនាទី ភារកិច្ច ផ្នែកចំណុះប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ គឺដោយសារតែលក្ខណៈពិសេស របស់ប៉ុស្តិ៍នីមួយៗ គឺមិនដូចគ្នាទេ។
ក្នុងឱកាសនេះដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានស្នើឱ្យអគ្គនាយករង ប្រធាន អនុប្រធាន និងក្រុមការងារ ជួយពិនិត្យលើម្រង់បែបបទ ឯកសារ និងជួយកែសម្រួលលើពាក្យពេជន៍ ខ្លឹមសារ ឲ្យមានលក្ខណៈសមស្របទៅតាមបទដ្ឋានគតិយុត្ត៕
ដោយ៖សហការី