ព័ត៌មានទាន់ហេតុការណ៍៖

ស្វាមីតារាចម្រៀង ទៀង មុំសុធាវី ទទួលតំណែងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ចែករំលែក៖

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ និងពិតជាធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលខ្លាំងក្រោយពីស្វាមីរបស់តារាចម្រៀង ទៀង មុំសុធាវី ត្រូវបានព្រះរាជក្រឹត្យ តែងតាំងជា រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ ការភ្ញាក់ផ្អើលព្រោះតែកន្លងទៅគេមិនដែលដឹងទេថាតើស្វាមីរបស់តារាចម្រៀងរូបនេះបម្រើការងារជាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលនោះទេ។

ដំណឹងនេះបានកើតមានឡើងក្រោយពីតារាចម្រៀង ទៀង មុំសុធាវីបានផ្ញើសារអបអរស្វាមីរបស់ខ្លួនគឺលោក ជួន សុកាន់ណារិទ្ធ ដែលត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យ តែងតាំង រដ្ឋលេខាធិការ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កន្លងទៅមានមហាជនតិចតួចបំផុតដែលបានដឹងថាស្វាមីរបស់តារាចម្រៀងរូបនេះជាមន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ដែលកន្លងមកទស្សនិកជនគ្រាន់តែបានដឹងថាស្វាមីរបស់នាង គឺជាអាណិកជនរស់នៅប្រទេសបារាំងប៉ុណ្ណោះ។ មានអ្នកសិល្បៈជាច្រើនបានបង្ហាញសារ អបអរសាទរទៅកាន់តារាចម្រៀងស្រីរូបនេះ ហើយពេលនេះដែរគេក៏ដឹងច្បាស់ដែរថា នាងក៏មានងារជាជំទាវម្នាក់ដូចតារាស្រីដែលមានវាសនាខ្ពស់មួយចំនួនផងដែរ។

គេចាំបានដែរថាកញ្ញាទៀង មុំសុធាវី មានទឹកដមសំឡេងក្រអួនក្រអៅ ពិសេសនាងត្រូវប៉ាន់ក្នុងការច្រៀងបទពីដើមៗឡើងវិញ ហើយកន្លងមកនាងថតសម្តែងឱ្យផលិតកម្ម តោមាស និងរៃមាស ជាច្រើនផងដែរ។ តារាចម្រៀងផលិតកម្មក្រៅស្រុក ទៀង មុំសុធាវី បានចូលរោងការជាមួយអាណិកជនខ្មែរ មកពីបារាំង លោកជួន សុកាន់ណារិទ្ធ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ដែលពិធីមង្គល និងជប់លៀងធំធ្វើនៅសណ្ឋាគារ សុខាភ្នំពេញ ដោយនាងបាន ហៅតារាល្បីៗរាប់រយនាក់ និងមានអាណិកជនខ្មែរ មកពីបារាំងមួយចំនួនផងដែរ ដែលជាភ្ញៀវខាងកូនប្រុស។ ទោះជាយ៉ាងណា ឪពុកក្មេករបស់នាងក៏ត្រូវបានគេស្គាល់ដែរថាជាមន្ត្រីជាន់ខ្ពស់គឺលោក សុន គន្ធរ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី ។ ក្រុមគ្រួសារខាងស្វាមីរបស់នាង គឺជាអាណិកជនខ្មែរ ដែលមានទ្រព្យស្តុករស់នៅប្រទេសបារាំង ហើយពួកគេបានស្គាល់គ្នា និងមានទំនាក់ទំនងស្នេហា ក្រោយពីសុធាវី ទៅច្រៀងសម្តែងនៅទីនោះកន្លងទៅ។ ក្រោយរៀបការរួច គេឃើញសិល្បការិនីរូបនេះ បានចេញទៅរស់នៅតាមស្វាមីនៅបារាំង និងទទួលបានតំណក់ឈាមកូនប្រុសដ៏គួរឲ្យខ្នាញ់ម្នាក់ផងដែរ ប៉ុន្តែតារាស្រីរូបនេះហាក់មិនទាន់ដាច់អាល័យពីការងារសិល្បៈឆ្ងាយនោះដែរ គឺយូរៗគេឃើញនាងបានបញ្ចេញស្នាដៃបទចម្រៀងថ្មីផងដែរ ហើយនាងថែមទាំងបង្កើតស្ទីតយោផ្ទាល់ខ្លួនមួយជួយដល់សិល្បករថ្មីៗថែមទៀតផង ។ កន្លងទៅនាងនិងស្វាមីក៏ធ្លាប់លេចមុខលើការជួយជំនួយសប្បុរសធម៌គ្រាដែលប្រជាជនកម្ពុជាជួបទុកដូចជាករណីគ្រោះធម្មជាតិទឹកជំនន់ និងបញ្ហាជំងឺកូវីដ១៩នោះជាដើម៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖