ព័ត៌មានទាន់ហេតុការណ៍៖

ជើងខ្លាំងអុីតាលីបន្តជ័យជម្នះលើលីទុយអានីក្នុងកំណត់ត្រាមិនដែលចាញ់វគ្គជម្រុះ World Cup តំបន់អឺរ៉ុប

ចែករំលែក៖

ក្រុមជើងឯកទ្វីបអឺរ៉ុបអុីតាលីបានក្លាយជាក្រុមជម្រើសជាតិដំបូងគេដែលមាន៣៧ប្រកួតដោយគ្មានការបរាជ័យ ខណៈដែលពួកគេបានផ្តួលលីទុយអានីក្នុងការប្រកួតជម្រុះ World Cup តំបន់អឺរ៉ុបក្នុងពូលC

ក្រោមការដឹកនាំរបស់លោក Roberto Mancini ក្រុមជម្រើសជាតិអុីតាលីប្រកួតស្មើក្នុងវគ្គជម្រុះ World Cup តែ២ដងប៉ុណ្ណោះក្នុងចំណោម៦ប្រកួតកន្លងមក។

ការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ កញ្ញាក្រុមអុីតាលីបានបំបាក់ក្រុមលីទុយអានីក្នុងលទ្ធផល៥ទល់០ ដោយ២គ្រាប់រកបានដោយកីឡាករ Moise Kean របស់ Everton ខ្ចីជើងនៅ Juventus។ ចំណែក៣គ្រាប់ទៀតរកបានដោយកីឡាករ Giovanni di Lorenzo, Giacomo Raspadori និង Edgaras Utkuse

មានការលើកឡើងថា ក្រុមអុីតាលីបានក្លាយជាក្រុមមិនដែលចាញ់យូរជាងគេ ប៉ុន្តែប្រទេសប្រេស៊ីលបានជំទាស់នឹងសំណើនេះ។ ក្រុមជម្រើសជាតិប្រេស៊ីលទទូចថា ពួកគេក៏បានឈ្នះការប្រកួតចំនួន៣៦ប្រកួតមិនដែលចាញ់រវាងឆ្នាំ១៩៩៣ និងឆ្នាំ១៩៩៦។ ទោះយ៉ាងណាអុីតាលីធ្វើបានល្អដោយរកបាន៤គ្រាប់ក្នុងរយៈពេល៣០នាទីដំបូងក្នុងការប្រកួតជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

ក្រុមរបស់លោក Mancini មិនដែលចាញ់សោះបីឆ្នាំមកហើយចាប់តាំងពីចាញ់ក្រុមព័រទុយហ្គាល់ក្នុងការប្រកួត Nations League កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ បច្ចុប្បន្នអុីតាលីមាន១៤ពិន្ទុឈរនៅកំពូលតារាងពូល C ខណៈនៅសល់៤ប្រកួតទៀត ខណៈស្វ៊ីសស្ថិតនៅលេខ២មាន៨ពិន្ទុ។

ការប្រកួតគូផ្សេងទៀតក្នុងវគ្គជម្រុះ World Cup តំបន់អឺរ៉ុបមានដូចជា ក្រុមប៉ូឡូញប្រកួតស្មើជាមួយអង់គ្លេស១ទល់១, ក្រិកឈ្នះស៊ុយអែត២ទល់១, កូសូវ៉ូចាញ់អេស្ប៉ាញ០ទល់២, បែលឡារូសចាញ់បែលហ្ស៊ិក០ទល់១, ហុងគ្រីឈ្នះអង់ដូរ៉ា២ទល់១, អាល់បានីឈ្នះសាន់ម៉ារីណូ៥ទល់០, អ៊ីស្លង់ចាញ់អាល្លឺម៉ង់៤ទល់០, អៀរឡង់ខាងជើងស្មើជាមួយស្វ៊ីស០ទល់០ និងវែលស្មើជាមួយអ៊ីស្តូនី០ទល់០ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖