ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យក្រោយពីបើកម៉ូតូលឿនជ្រុលទៅបុកម៉ូតូសណ្តោងរុឺម៉កពីក្រោយ បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខាងមុខបុរីញូវថោន ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះយាវ វិចិត្រ អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងមិនមានស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានបុរសម្នាក់ បើកម៉ូតូម៉ាកនិចពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ធំ1K-2838 តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅស្របគ្នាយ៉ាងលឿនបានជ្រុលទៅបុកពីក្រោយម៉ូតូសណ្តោងរុឺម៉កបណ្តាលឲ្យដួលបោកក្បាលនៅនឹងថ្នល់ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយផ្នែកជំនាញចរាចរណ៍ បានចុះមកដល់ រួចវាស់វែងយករុឺម៉កនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល រង់ចាំដោះស្រាយនៅពេលក្រោយ។ ចំណែកសពក្រោយពីសមត្ថកិច្ចមកធ្វើកំណត់ហេតុរួចហើយបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត៕
ដោយ៖ ជ្រោយពេជ្រ