ភ្នំពេញ៖ បេីយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានឱ្យដឹងថាសំណល់ថ្មពិលត្រូវបានចាត់ទុកជាសំណល់គ្រោះថ្នាក់ដោយសារសំណល់នេះមានផ្ទុកសារធាតុគ្រោះថ្នាក់ពពួកលោហះធ្ងន់ មានជាអាទិ បារត សំណ កាត់ម៉្ញូម សង្ក័សី និង នីកែល ។
មិនតែប៉ុណ្ណោះសារធាតុគ្រោះថ្នាក់ដែលមានផ្ទុកនៅក្នុងសំណល់អាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្ស សត្វ និងបរិស្ថាន នៅពេលសាយភាយចូលទៅក្នុងបរិស្ថានតាមរយះការទុកដាក់សំណល់នេះមិនបានត្រឹមត្រូវ ។
ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមទៀតថា ដើម្បីទប់ស្កាត់ការសាយភាយសារធាតុគ្រោះថ្នាក់ពីសំណល់ថ្មពិលចូលទៅក្នុងបរិស្ថាន និង ដើម្បីការពារសុខភាពមនុស្ស សូមវេចខ្ចប់ និងយកសំណល់ថ្មពិលមកទុកក្នុងធុងដែលក្រសួងបរិស្ថាន បានដាក់ នៅតាមបុរី ស្ថានីយប្រេងឥន្ធះ ផ្សារទំនើប ។ កន្លងមកក្រសួងបរិស្ថានបានដាក់ធុងប្រមូលថ្មពិលនៅបុរីប៉េងហួតបឹងស្នោ ស្ថានីយ៍ប្រេងឥន្ធះភីធីធី (និរោធ បូកគោ វត្តនាគវន្ត័ និង ផ្សារតូច ) ផ្សារទំនើបអេអន១ នរត្តមជីមម៉ុងម៉ល់ និងផ្សារទំនើបជីមម៉ុងបាក់ទូក ។
សូមជម្រាបថា ក្រសួងបរិស្ថាន នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២១ម្សិលមិញនេះ បានដាក់ធុងប្រមូលថ្មពិលបន្ថែមនៅតាមទីតាំងផ្សារទំនើប ចំនួន ៨ ទៀត រួមមាន ផ្សារទំនើប សូរិយា ផ្លាហ្សា ឡាក់គី Exchange Square Eden Garden អូឡាំព្យា ស្ទឹងមានជ័យថ្មី និងធីខេ ហើយនឹងនៅស្ថានីយប្រេងឥន្ធនៈតូតាល់ និងតេលា ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ យកសំណល់ថ្មពិលមកទុកក្នុងធុងប្រមូលថ្មពិល។
ដោយឡែកនៅពេលខាងមុខ ក្រសួងបរិស្ថាននឹងបន្តពង្រីកវិសាលភាពនៃការដាក់ធុងថ្មពិលនេះតាមទីតាំងសំខាន់ៗបន្ថែមទៀតនៅតាមបណ្តារខេត្តទូទាំងប្រទេស។
ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន សូមថ្លែងអំណរដល់ម្ចាស់ទីតាំង និងប្រជាពលរដ្ឋ ដែលបានផ្តល់កិច្ចសហការ និងការចូលរួមក្នុងការអនុវត្តគម្រោងប្រមូលសំណល់ថ្មពិល។ ក្រសួងបរិស្ថានសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការចូលរួម និងជួយផ្សព្វផ្សាយអំពីគម្រោងប្រមូលសំណល់ថ្មពិលនេះ ដើម្បីបរិស្ថានយើង គ្មានសំណល់ថ្មពិល៕
ដោយ៖សហការី