ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅយប់ថ្ងៃព្រហស្បតិ៍ទី០៩ ខែកញ្ញា ឆ្នាំ២០២១នេះថា៖ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ លោកបានទទួលជួបសំដែងការគួរសមនិងជម្រាបលា ពីសំណាក់លោក MIURA Junichi អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលលោកត្រូវបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
នៅក្នុងសំណេររបស់លោក ហេង រតនា បានថ្លែងបន្តថា ក្នុងរយៈពេលជិត៤ឆ្នាំ ក្នុងអណត្តិរបស់លោក MIURA Junichi លោកបានចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលគម្រោងជំនួយនានា របស់រដ្ឋាភិបាលជប៉ុនផ្តល់ជូនរាជជរដ្ឋាភិបាល គាំទ្រអង្គភាពCMAC ក្នុង កិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ផ្ដល់សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងគាំទ្រការអភិវឌ្ឍន៍នៅកម្ពុជា។
ឆ្លៀតឱកាសនេះ លោកអគ្គនាយកស៉ីម៉ាក់រូបនេះ សូមសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជន
ជប៉ុន ក៏ដូចជាឯកឧត្តម ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំJICAដែលបានខិតខំប្រឹងប្រែងដើម្បីជួយប្រជាជនកម្ពុជា ទោះបីជាក្នុងពេលវេលាដ៍លំបាកដោយសារជំងឺឆ្លងកូវីដ-៩ក៏ដោយ៕
ដោយ៖សហការី