ជើងហោះហើរដំបូងបង្អស់របស់ក្រុមហ៊ុនអាកាសចរណ៍ Qartar Airways ដឹកអ្នកដំណើរ ១១៣នាក់ ជាជនជាតិអាមេរិក កាណាដា អ៊ុយក្រែន អង់គ្លេសនិងអាល្លឺម៉ង់។
តាមសារព័ត៌មាន រ៉យទ័របានផ្សាយថា ជើងហោះហើរពាណិជ្ជកម្ម ដំបូងបង្អស់បានហោះហើរចាកចេញពីអាកាសយានដ្ឋាន អន្តរជាតិទីក្រុងកាប៊ុល នៅថ្ងៃទី ៩ខែកញ្ញា ដែលជាជើងហោះហើរអន្តរជាតិដំបូងក្រោយអាមេរិកដកទាហានចេញ។
ជើងហោះហើរគឺជាការចាប់ផ្តើមដ៏សំខាន់បំផុតដើម្បីធ្វើឲ្យមានភាពល្អប្រសើរឡើងវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការគ្រប់គ្រងរបស់ក្រុមតាលីបង់ចាប់ពីថ្ងៃទី១៥ខែសីហា។ អ្នកដំណើរត្រូវបានបញ្ជូនទៅកាន់អាកាសយានទីក្រុងកាប៊ុល តាមរថយន្តរបស់ប្រទេសកាតារ ក្រោយការឆ្លងផុតទីតាំងត្រួតពិនិត្យសុវត្ថិភាព ។ ក្រោយការហោះហើរទៅកាន់អាកាសយានដ្ឋាន Doha អ្នកដំណើរទាំងនោះ នឹងស្នាក់នៅក្នុងអគារសម្រាប់ជនភៀសខ្លួនមកពីប្រទេសអាហ្វហ្គានីស្ថាន ។
បើទោះបី មានជើងហោះហើរជាច្រើនចេញចូលអាហ្វហ្គានីស្ថាន ដឹកមន្ត្រីការបរទេស អ្នកឯកទេសនិងចំនួយមនុស្សធម៌មកកាន់អាហ្វហ្គានីស្ថាន។ ប៉ុន្តែនេះជាលើកទីមួយហើយដែលមានជើងហោះហើរស៊ីវិល ចេញពីប្រទេសអាហ្វហ្គានីស្ថាន ។
រដ្ឋមន្ត្រីការបរទេស ប្រទេសកាតារលោក Sheikh Mohammed bin Abdulrahman Al-Thani បានអរគុណដល់មេដឹកនាំក្រុមតាលីបង់ ដែលបានបើកដំណើរការអាកាសយានដ្ឋានឡើងវិញ។ រដ្ឋមន្ត្រីការបរទេសកាតារបានចាត់ទុកថា ជើងហោះហើរនៅថ្ងៃទី ៩ខែកញ្ញាគឺជាជើងហោះហើរស៊ីវិលដំបូងគេបង្អស់នៅក្នុងប្រទេសនេះ។
រដ្ឋមន្ត្រីការបរទេសកាតារ សង្ឃឹមថា ជីវភាពរស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននឹងវិលមករកភាពល្អប្រសើរឡើងវិញ ហើយជើងហោះហើរពាណិជ្ជកម្មនឹងបន្តនៅថ្ងៃទី ១០ខែកញ្ញានេះ គឺមុនថ្ងៃរដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថានប្រកាសជាផ្លូវការនៅថ្ងៃទី ១១ខែកញ្ញា៕ដោយ៖ធីរីណា
រូបភាព៖ Reuters