ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុម Messi រកបាន៣គ្រាប់ជួយឲ្យអាហ្សង់ទីនឈ្នះប៊ូលីវី ខណៈប្រេស៊ីលបន្តឈរកំពូលតារាងក្រោយឈ្នះប៉េរូ

ចែករំលែក៖

ក្រុមជម្រើសជាតិអាហ្សង់ទីនបានប្រកួតឈ្នះក្រុមភ្ញៀវប៊ូលីវីក្នុងលទ្ធផល៣ទល់០ ក្នុងការប្រកួតវគ្គជម្រុះ World Cup តំបន់អាមេរិកឡាទីនសម្រាប់សប្តាហ៍ទី៨របស់ខ្លួននៅព្រឹកថ្ងៃទី១០ កញ្ញានេះម៉ោងនៅកម្ពុជា។ អាហ្សង់ទីនគ្រប់គ្រងបាល់បានល្អតាំងពីតង់ទី១ និងមានឱកាសច្រើនក្នុងការរកគ្រាប់បាល់ទៅលើក្រុមភ្ញៀវប៊ូលីវី។

ការប្រកួតក្នុងតង់ទី១ ក្រុមអាហ្សង់ទីនមានប្រៀបជាងក្រុមប៊ូលីវី ហើយនៅនាទីទី១៤ ខ្សែប្រយុទ្ធរបស់ក្លិប PSG និងជាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi រកបាន១គ្រាប់នាំមុខក្រុមភ្ញៀវ ហើយ១គ្រាប់នេះគឺបន្តរហូតដល់ចប់ការប្រកួតក្នុងតង់ទី១។

ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមអាហ្សង់ទីននៅតែមានប្រៀបជាងគូប្រកួតក្នុងនាមជាម្ចាស់ផ្ទះ ដោយបន្តគ្រប់គ្រងបាល់ និងបន្តនៅមុខទីក្រុមប៊ូលីវីរហូត។ ចូលដល់នាទីទី៦៤ ខ្សែប្រយុទ្ធ និងជាប្រធានក្រុម Messi ដដែលរកបាន១គ្រាប់ទៀត ធ្វើឲ្យអាហ្សង់ទីននាំមុខ២ទល់០ទៅលើក្រុមភ្ញៀវ ហើយនៅនាទីទី៨៨ ជិតចប់ការប្រកួតទៅហើយ ខ្សែប្រយុទ្ធឆ្នើម Messi រកបាន១គ្រាប់បន្ថែមទៀត ធ្វើឲ្យក្រុមអាហ្សង់ទីនមានភាពកក់ក្តៅបន្តឈ្នះគូប្រកួតសម្រាប់វគ្គជម្រុះសប្តាហ៍ទី៨នេះ។

លទ្ធផលនេះធ្វើឲ្យក្រុមអាហ្សង់ទីនបន្តឈរចំណាត់ថ្នាក់លេខ២ក្នុងតារាងវគ្គជម្រុះ World Cup តំបន់អាមេរិកឡាទីន ដោយ៨ប្រកួតកន្លងមកក្រុមនេះមិនទាន់ស្គាល់រសជាតិចាញ់នៅឡើយទេគឺ៨ប្រកួត ឈ្នះ៥ប្រកួត និងស្មើ៣ប្រកួត មានគ្រាប់បាល់ចំណេញ៩គ្រាប់។ ការរកបាន៣គ្រាប់របស់ខ្សែប្រយុទ្ធ Messi ធ្វើចំនួនគ្រាប់បាល់ដែលគាត់រកបានក្នុងក្រុមជម្រើសជាតិកើនដល់៧៩គ្រាប់ ក្នុងការបង្ហាញខ្លួន១៥៣ប្រកួត។
ចំណែកក្រុមជម្រើសជាតិប្រេស៊ីលវិញ បានយកឈ្នះក្រុមភ្ញៀវ​ប៉េរូក្នុងលទ្ធផល២ទល់០ ដែល២គ្រាប់រកបានដោយកីឡាករ Éverton Ribeiroនៅនាទីទី១៤ និង១គ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Neymar នៅនាទីទី៤០។ ជ័យជម្នះនេះធ្វើឲ្យប្រេស៊ីលនៅតែបន្តឈរលេខ១ក្នុងតារាងវគ្គជម្រុះ World Cup តំបន់អាមេរិកឡាទីន ដោយ៨ប្រកួតមិនទាន់ស្គាល់រសជាតិចាញ់ និងស្មើនៅឡើយទេ គឺ៨ប្រកួតឈ្នះទាំង៨ប្រកួត មានគ្រាប់បាល់ចំណេញ១៧គ្រាប់ ទទួលបាន២៤ពិន្ទុពេញ ៕


(រូបភាព ៖
today.in-24.com)


ចែករំលែក៖