ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនប្រុសស្រី៣នាក់ ធ្វើការបង្រ្កាប ជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ២២:០០នាទីយប់ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន បានបើកកិច្ចប្រតិបត្តិការបង្ក្រាបជាក់ស្ដែងនិង ឃាត់ខ្លួនប្រុសស្រី៣នាក់ លើករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 ដោយជាលទ្ធផលកម្លាំងផ្នែកជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ (ស្រី ០១នាក់) មានឈ្មោះដូចខាងក្រោម ៖

១-ឈ្មោះ ទូច ប៉ុន ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរ កម្មករ ។    

២-ឈ្មោះ គុយ សុដា ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរ កម្មករ ។

៣-ឈ្មោះ ស៊ុន សុខមាន ភេទ ស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងការដ្ឋានសំណង់ ក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មុខរបរ កម្មករ ។                                        

ព្រមទាំងដកហូតវត្ថុតាងរួមមាន: គ្រឿងញៀនក្រាមពណ៌សថ្លាសង្ស័យចំនួន ០១កញ្ចប់ធំ (ជារបស់ជនសង្ស័យឈ្មោះ ទូច ប៉ុន ) , ម៉ូតូ ០១ គ្រឿង ម៉ាក វីនន័រ (Vineer) ពណ៌ ខ្មៅ គ្មានស្លាកលេខ និងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង នាំមកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីធ្វើការសាកសួរ ក្រោយពីធ្វើការសាកសួរទៅលើជនសង្ស័យទាំង ០៣នាក់ និងផ្អែកលើចម្លើយរបស់ជនសង្ស័យឈ្មោះ ទូច ប៉ុន បានសារភាពថាខ្លួនបានទិញ គ្រឿងញៀនទាំងនេះពីបុរសម្នាក់ឈ្មោះ អាស៊ិច នៅម្តុំផ្សារឧត្តុង្គ ទើបកម្លាំងសមត្ថកិច្ចផ្នែកជំនាញ នៃអធិការដ្ឋាន បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  បង្កើតក្រុមប្រតិបត្តិការ ០១ក្រុម បន្តនីតិវិធីឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ០១នាក់ ឈ្មោះ អាស៊ិច នៅចំណុចជិតផ្សារឧត្តុង្គស្ថិតនៅផ្លូវជាតិលេខ ៥ ខេត្តកំពង់ស្ពឺ និងបានធ្វើការសួរចម្លើយភ្លាមៗទៅលើជនសង្ស័យឈ្មោះ អាស៊ិច ហើយជនសង្ស័យនេះបានឆ្លើយសារភាពថាខ្លួនបានទិញគ្រឿងញៀនពីស្រ្តីម្នាក់ឈ្មោះ កៅ យឿន ភេទ ស្រី អាយុ ៤០ឆ្នាំ ខណៈពេលទទួលបានចម្លើយរបស់ជនសង្ស័យឈ្មោះ អាស៊ិច ភ្លាម ក្រុមប្រតិបត្តិការបានបន្តនីតិវិធីដោយឲ្យជនសង្ស័យទំនាក់ទំនងទៅស្រ្តីដែលលក់គ្រឿងញៀនឲ្យ ហើយជនសង្ស័យឈ្មោះ កៅ យឿន បានណាត់ឲ្យឈ្មោះ អាស៊ិច ឲ្យមកជួបនៅចំណុចមុខស្ថានីយ៍ប្រេងឥន្ធនៈតេលា ស្ថិតនៅផ្លូវជាតិលេខ ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយជនសង្ស័យឈ្មោះ កៅ យឿន បានប្រើឲ្យឈ្មោះ អ៊ូ ណាង ភេទ ប្រុស ជាអ្នករត់ម៉ូតូឌុប មកទទួលជនសង្ស័យឈ្មោះ អាស៊ិច រហូត នៅថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០២១  នៅវេលាម៉ោង ១៧:៣០នាទីល្ងាច ក្រុមប្រតិបត្តិការបានធ្វើការឃាត់ខ្លួនឈ្មោះ អ៊ូ ណាង ហើយបន្តឲ្យឈ្មោះ អ៊ូ ណាង នាំទាក់ទងតាមរយៈទូរស័ព្ទដៃឲ្យឈ្មោះ កៅ យឿន មករងចាំនៅមុខយឿត្រីព្រែកព្នៅ ទើបក្រុមប្រតិបត្តិការឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ កៅ យឿន បាននៅចំណុចមុខយឿត្រីព្រែកព្នៅ ស្ថិតនៅភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ 

បច្ចុប្បន្នជនសង្ស័យចំនួន ០៣នាក់ (ស្រី ០១នាក់) បន្ថែមទៀត បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់នីតិវិធីធ្វើការសាកសួរយកចម្លើយ និងអាចឈានដល់ការបន្តនីតិវិធីបន្ថែមទៀត ៕

ដោយ៖ ជីណា


ចែករំលែក៖