ភ្នំពេញ៖ បន្ទាប់ពីបាត់មុខមួយរយៈពីការងារសិល្បៈអតីត Freshie Boy ចំណាត់ថ្នាក់លេខ១ ជំនាន់ទី១៦ ឆ្នាំ២០១៧ ជ័យ ភិរុណ ស្រាប់តែលេចមុខមាត់ក្នុងការងារសិល្បៈឡើងវិញទាំងការថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងការឡើងច្រៀងលើឆាកតន្ត្រីរបស់ទូរទស្សន៍នានា។ វិលវិញលើកនេះលោកថែមទាំងប្រកាសអំពីការត្រៀមប្រឡូកក្នុងអាជីពសិល្បៈឲ្យពេញទំហឹងពិសេសលើការច្រៀងនោះតែម្ត។
លោក ជ័យ ភិរុណ វ័យ២៤ ឆ្នាំជាអតីតម្ចាស់ជ័យលាភី លេខ១លើការប្រកួតសម្រស់ Freshie Girl & Boy នាអំឡុងឆ្នាំ ២០១៧ ។ ក្រោយបញ្ចប់ការប្រកួតលោកទទួលបានឱកាសការងារសិល្បៈជាច្រើនពិសេសទៅលើការសម្តែង និងថតឈុតផ្សព្វផ្សាយផលិតផល សេវាកម្មរបស់ក្រុមហ៊ុនល្បីៗជាច្រើនបន្តបន្ទាប់ ប៉ុន្តែក្រោយមកគេស្ងាត់បាត់ដំណឹងលោកឈឹងពីការងារសិល្បៈរហូតពេលនេះលោកទើបនឹងលេចវត្តមានក្នុងការងារសិល្បៈជាថ្មី។ អ្នកគាំទ្រដែលធ្លាប់បានស្គាល់លោកបានសារទរចំពោះការបង្ហាញវត្តមានជាថ្មីរបស់សិល្បករដែលពោរពេញដោយសមត្ថភាពទេពកោសល្យ និងរូបរាងសង្ហារូបនេះផងដែរ។
កំលោះសង្ហា រូបនេះបានបញ្ជាក់ថា លោកបានផ្អាកពីការងារសិល្បៈមួយរយៈធំក្រោយពីចូលប្រឡូកក្នុងមុខរបរជំនួញ និងការងារក្រៅពីសិល្បៈ ប៉ុន្តែពេលនេះលោកបានផ្អាកការងារមួយចំនួន និងចង់បន្តប្រឡូកក្នុងអាជីពនេះឡើងវិញ ។ លោកថាការវិលមកវិញលើកនេះលោកទទួលបានឱកាសការងារសិល្បៈច្រើនគួរសម ទាំងការងារសម្តែង ថតឈុតផ្សព្វផ្សាយពាណិជ្ជកម្ម និងការឡើងច្រៀងលើឆាកតន្ត្រី។ លោកថា ការងារដែលលោកនឹងសម្រុកខ្លាំងនៅពេលនេះគឺការច្រៀងព្រោះតែលោកបានឆ្លងកាត់ការហ្វឹកហាត់បន្ថែមដើម្បីឲ្យការច្រៀងកាន់តែប្រសើរ ជាមួយនឹងការត្រៀមបញ្ចេញស្នាដៃបទចម្រៀងថ្មីផ្ទាល់ខ្លួនក្នុងពេលខាងមុខនេះផងដែរ។ លោកបញ្ជាក់ថាមិនមែនជាការវិលមករកជាថ្មីព្រោះអផ្សុកឡើយ ប៉ុន្តែលោកពិតជាត្រៀមបញ្ចេញមុខយ៉ាងពេញទំហឹងតែម្តង។ លោកពិតជាអរគុណអ្នកដឹកនាំសម្តែង និងផលិតករជាច្រើនដែលបានផ្តល់ឱកាសសម្រាប់ការបង្ហាញមុខជាថ្មី ហើយក៏អរគុណអ្នកគាំទ្រដែលនៅតែរងចាំ និងស្វាគមន៍ការវិលត្រឡប់មកកាន់ការងារសិល្បៈជាថ្មីនេះ ហើយលោកនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជន ដោយនាំមកនូវអ្វីដែលថ្មីប្លែកមកចែកជូនទស្សនិកជនកម្សាន្ត៕
ដោយ ៖ វឌ្ឍនា