ភ្នំពេញ ៖ រថយន្តតូយ៉ូតាព្រូសមួយគ្រឿងខណៈបើកមកឈប់ចាំភ្លើងស្តុប ស្រាប់តែត្រូវរថយន្តឡង់គ្រីស័របេីកមកពីក្រោយបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង កាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ នៅចំណុចស្តុបក្តាន់ពីតាមបណ្ដោយ ផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់មិត្តភាព ខណ្ឌ ៧មករា ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2AG-9276ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើក៏បានឈប់ចាំភ្លើងស្តុបខណ:នោះក៏មានរថយន្តឡង់គ្រីស័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BD-3268ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រ័ងមិនទាន់ជ្រុលបុករថយន្តតូយ៉ូតា ព្រូសពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតទាំងសងខាង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាមួយជំហានសិន ។ បន្ទាប់មកខាងរថយន្តឡង់គ្រីស័របានព្រមព្រៀងយករថយន្ត តូយ៉ូតាព្រូស ទៅជួសជុលឲ្យស្អាតឡើងវិញដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ ៖ ភារ៉ា ដង្កោ