ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​២នាក់ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​៥១​គ្រាប់រាយការណ៍ជូនអង្គការស៊ីម៉ាក់យក​ទៅ​កម្ទេច​ចោល​

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​ ៖​ ​ប្រជាពលរដ្ឋ២​នាក់​រស់នៅ​ភូមិ​ប្រហា​ល​ ឃុំ​តា​លោ​ ស្រុក​តា​លោ​សែន​ជ័យ​ បាន​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​៥១​គ្រាប់​ ដែល​បន្សល់​តាំងពី​សម័យ​សង្គ្រាម​ និង​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​លោ​ដើម្បី​ចុះ​ពិនិត្យ​មើល​ ភ្លាមៗកាលពីរសៀលថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២១​ ។

តាមមន្រ្តីនគរបាល​ស្រុក​តា​លោ​សែន​ជ័យ​ បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ទាំង​២​នាក់​ដែលប្រទះឃើញគ្រាប់រំសេវមិនទាន់ផ្ទុះនេះមានឈ្មោះ​ ៖​ ១-​ឈ្មោះ​ ម៉ា​ន​ សា​យ័ន​ ភេទ​ប្រុស​អាយុ​៤០​ ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​បាន​ទៅ​ភ្ជួរដីចំការ​នៅ​ខាងក្រោយ​ផ្ទះ​ចំណុច​ម្ដុំ​ច្រាំង​ចោទ​ បាន​ប្រទះ​ឃើញ​ក្បាល​បំបែក​គ្រាប់​ប្រភេទ​ M47​ ចំនួន​៥០​គ្រាប់​ ដែល​ផលិត​នៅ​ប្រទេស​ចិន​ កាលពី​ថ្ងៃ​ទី​១០​ខែកញ្ញា​ឆ្នាំ​២០២១​វេលា​ម៉ោង​ ៨​និង​៤៨​នាទី​ ។​

២-​ចាន់​ គឹ​ម​សឿ​ន​ ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ បាន​ជិះ​ម៉ូតូ​តាម​ផ្លូវ​ចំណុច​ម្ដុំ​មុខ​ផ្ទះ​បាន​ប្រទះ​ឃើញ​គ្រាប់បែកដៃ​ (​ក្រឡា​ទៀប​)​ចំនួន​១​គ្រាប់​ប្រភេទ​ F1​ ផលិត​នៅ​ប្រទេស​សូ​វៀត​ កាលពី​វេលា​ម៉ោង​៩​និង​០៨​នាទី​ក្នុង​ថ្ងៃ​ដដែល​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​សមត្ថកិច្ច​នគរបាល​បាន​ទទួល​ព័ត៌មាន​នេះ​ ក៏ចុះ​ទៅ​ពិនិត្យ​ដល់ទី​តាំង​កន្លែង​គ្រាប់បែក​និង​ក្បាល​គីប​បំបែក​ និង​សហការ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(​ស៊ី​ម៉ាក់​-CM-CMACយកគ្រាប់​ទាំង​៥១​គ្រាប់​ទាំងនេះ​ ទៅ​អង្គការ​ស៊ី​ម៉ាក់​ដើម្បី​យក​ទៅ​កម្ទេច​ចោល​នៅពេលក្រោយ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖