ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក ជា សុមេធី និង ខៀវ ភារិទ្ធ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានចូលរួមពិធីសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ក្រោមអធិបតីភាព លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកបីខេត្ត (ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ) ននិងលោកស្រី តំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក )តាមរយះប្រព័ន្ធវីដេអូ ហ្សូម។
លោក ជា សុមេធី គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង បានថ្លែងថា, ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ស្រុក-ក្រុង និងសមាជិក ស.ស.យ.កខេត្តព្រៃវែងទាំងអស់ ដែលបានសហការយ៉ាងសកម្មជាមួយអាជ្ញាធរខេត្ត ស្រុក ក្រុងរបស់យើង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង ដើម្បីខេត្តព្រៃវែងយើងឆាប់បានឆ្លងផុតពីជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការ ៣ការពារ ៣កុំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកបន្តថា, ជាថ្មីម្តងទៀត ខ្ញុំបាទ សូមកោតសរសើរ និងសូមជូនពរ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកបីខេត្ត (ខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងលោកជំទាវ ថ្នាក់ដឹកនាំ ស.ស.យ.ក ទាំងអស់ព្រមទាំងសហការី សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ៕
ដោយ ៖ សិលា