ព័ត៌មានទាន់ហេតុការណ៍៖

លួចម៉ូតូមិនបានសម្រេចត្រូវម្ចាស់ឃាត់ឱ្យសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ

ចែករំលែក៖

 ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១នេះកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបាន បញ្ជូនខ្លួនជនសង្ស័យករណីលួចម៉ូតូម្នាក់ទៅសាលាដំបូងខេត្ត ។

ជនរងគ្រោះជាដើមបណ្ដឹងឈ្មោះ វង់ ឈុននី ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរៀបរាប់ថានៅវេលាម៉ោង២៣និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខ្លួនបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P-2501 ខណៈដែលរូបខ្លួនចេញពីផ្ទះទៅទិញអីវ៉ាន់ ពេលទៅដល់មុខហាងលក់ទំនិញមួយកន្លែងម្ដុំវត្តថ្មី ខ្លួនគេបានឈប់ចតម៉ូតូនៅមុខហាង ដោយមិនបានដកកូនសោរចេញពីម៉ូតូ។ បន្ទាប់មកខ្លួនគេក៏ដើរចូលទៅក្នុងហាងដើម្បីរកទិញទំនិញ ភ្លាមនោះស្រាប់តែឃើញបុរសម្នាក់បានឡើងជិះលើម៉ូតូរបស់ខ្លួន ហើយបញ្ឆេះបម្រុងជិះចេញទៅ តែរូបខ្លួនបានរត់ចេញមកទាន់ ហើយបានឃាត់បុរសម្នាក់នោះ រួចរាយការណ៍ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង ។

 សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហេង ថា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅមិនពិតប្រាកដ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងបានសារភាពថា ខ្លួនគេពិតជាមានចេតនាលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើទៅលក់យកលុយពិតប្រាកដមែន ។តែខ្លួនគ្រាន់តែឡើងជិះម៉ូតូហើយបញ្ឆេះស្រាប់តែម្ចាស់ម៉ូតូមកទាន់ ហើយទូរស័ព្ទហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្ដង ៕

ដោយ ៖ ស សម


ចែករំលែក៖